មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ថា កាណាដា នឹងចាត់វិធានការផ្លូវច្បាប់ក្រោមស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដើម្បីតតាំងនឹងពន្ធ ២៥% ដែលអាមេរិកដាក់បន្ថែមលើទំនិញរបស់កាណាដាភាគច្រើន ដោយហៅពន្ធគយនេះថាខុសច្បាប់ និងមិនសមហេតុផល។

ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Justin Trudeau បានប្រកាសពីពន្ធសងសឹកយ៉ាងទូលំទូលាយចំនួន ២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបនឹងពន្ធបន្ថែមដែលបានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនដោយលោកប្រធានាធិបតីអាមេរិក Donald Trump។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអូតាវ៉ាថា "យើងច្បាស់ជានឹងបន្តការទាមទារផ្លូវច្បាប់ដែលយើងជឿថាយើងមាន តាមរយៈកិច្ចព្រមព្រៀងដែលកាណាដាចែករំលែកជាមួយសហរដ្ឋអាមេរិក"។

គួរបញ្ជាក់ថា លោក Trump បានបន្ថែមពន្ធនាំចូល ២៥% លើទំនិញកាណាដា លើកលែងតែផលិតផលថាមពលដូចជាប្រេង ឧស្ម័ន និងអគ្គិសនីជាដើម ដែលនឹងគ្រាន់តែអនុវត្តពន្ធកាតព្វកិច្ច ១០% ប៉ុណ្ណោះនៅពេលចូលក្នុងទឹកដីអាមេរិក។ ពន្ធបន្ថែម ២៥% នោះនឹងចូលជាធរមានចាប់ពីថ្ងៃអង្គារ ០៤ កុម្ភៈ ស្អែកនេះ ខណៈពន្ធលើផលិតផលថាមពលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ៕