សម្រាប់ក្រុមហ៊ុនអាមេរិកខាងជើង ពេលវេលា "រង់ចាំមើល" លើការដំឡើងពន្ធបានបញ្ចប់ហើយ ដោយពេលនេះត្រូវត្រៀមទប់ទល់ភាពរង្គោះរង្គើ និងចលាចល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានបន្ថែមពន្ធ ២៥% លើទំនិញពីកាណាដា និងម៉ិកស៊ិក រួមជាមួយនឹងពន្ធ ១០% លើចិន ក្នុងអ្វីដែលអាចជាដំណាក់កាលបើកសង្រ្គាមពាណិជ្ជកម្មពេញលក្ខណៈ ដោយទំនងជាបង្កើតរឿងឈឺក្បាលថ្មីសម្រាប់នាយកប្រតិបត្តិ ដែលកំពុងតែលំបាកជាមួយនឹងការចំណាយខ្ពស់អស់ជាច្រើនឆ្នាំមកនេះ។

បណ្ដានាយកប្រតិបត្តិតែងតែគេចវេសលើសំណួរជុំវិញការដោះស្រាយពន្ធបន្ថែមមុនការប្រកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍ ហើយមនុស្សជាច្រើនចង់បញ្ចៀសការប្រឆាំងនឹងលោក Trump បន្ទាប់ពីចូលកាន់តំណែង ប៉ុន្តែយុទ្ធសាស្រ្តមិនឆ្លើយតបនោះប្រហែលមិនអាចទៅរួចទៀតទេ។

ក្រុមហ៊ុនសកលជាច្រើននឹងរាយការណ៍លទ្ធផលនៅសប្តាហ៍ខាងមុខនេះ រួមទាំង Amazon, Ford Motor, Mondelez International, និង Owens-Illinois ដោយពួកគេទំនងជានឹងប្រឈមមុខនឹងសំណួរដ៏លំបាកពីមធ្យោបាយបន្ថយការចំណាយ
បន្ទាប់ពីពន្ធបន្ថែមដ៏ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន។

ពន្ធគយលើទំនិញដែលនាំចូលពីដៃគូពាណិជ្ជកម្មធំជាងគេទាំងបីរបស់អាមេរិក អាចធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនានារាប់ចាប់ពីរថយន្ត ទៅទំនិញប្រើប្រាស់ រហូតដល់ថាមពល។ ក្រុមហ៊ុនផលិតរថយន្តដូចជា General Motors និងToyota អាចផ្លាស់ប្តូរផលិតកម្មពីរោងចក្របរទេសទៅកាន់អាមេរិក ខណៈស្ថាប័នផ្សេងដូចជាក្រុមហ៊ុនអាលុយមីញ៉ូមខ្នាតយក្ស Alcoa បានស្នើឱ្យប្ដូរផ្លូវដឹកជញ្ជូនឡើងវិញ ដើម្បីកាត់បន្ថយបន្ទុកពន្ធគយ៕