ទីផ្សារភាគហ៊ុនអាស៊ី បានធ្លាក់ចុះនៅថ្ងៃចន្ទ (០៣ កុម្ភៈ) នេះ ហើយភាគហ៊ុនរបស់អាមេរិក ក៏ធ្លាក់ចុះខ្លាំង បន្ទាប់ពីការដំឡើងពន្ធ ២៥% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើកាណាដា ម៉ិកស៊ិក និង ១០% លើចិន ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មដ៏ទូលំទូលាយ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

ប្រាក់ដុល្លារអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតធៀបនឹងប្រាក់យ័នចិនក្នុងការជួញដូរដំបូង ហើយបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣មកធៀបនឹងរូបិយប័ណ្ណកាណាដា និងជាតម្លៃខ្ពស់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០២២មក ធៀបនឹងប្រាក់ប៉េសូរបស់ម៉ិកស៊ិក។

ភាគហ៊ុន Nikkei របស់ជប៉ុន ជាមធ្យមធ្លាក់ចុះ ២,៣% ក្នុងនាទីដំបូងនៃការជួញដូរ ហើយសន្ទស្សន៍គោលរបស់អូស្ត្រាលី - ដែលជារឿយៗដើរតួជាតំណាងសម្រាប់ទីផ្សារចិន - ក៏ធ្លាក់ចុះជាង ២% ផងដែរ។ ភាគហ៊ុនហុងកុងបើកនៅពេលល្ងាច ខណៈទីផ្សារចិនដីគោក នៅតែបិទរហូតដល់ថ្ងៃពុធ ០៥ កុម្ភៈ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

ភាគហ៊ុន S&P 500 របស់អាមេរិក បានធ្លាក់ចុះ ១,៧% ជាមួយនឹងភាគហ៊ុន Nasdaq ធ្លាក់ចុះ ២,៥%។ ប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ០,៧% ដល់តួលេខ ៧,២៥៥២យ័នក្នុងមួយដុល្លារ នៅទីផ្សារក្រៅប្រទេសនៅព្រឹកព្រលឹមថ្ងៃចន្ទនៃទ្វីបអាស៊ី ដោយបានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៧,៣៧៦៥យ័នក្នុងមួយដុល្លារ។
រូបិយប័ណ្ណអាមេរិក ក៏កើនឡើង ២,៣% ដល់ ២១,១៥ប៉េសូម៉ិកស៊ិកក្នុងមួយដុល្លារ ដោយឆ្លងកាត់ខ្សែបន្ទាត់ ២១ប៉េសូជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ហើយដុល្លារអាមេរិកបានឡើងថ្លៃ ១,៤% ដល់តួលេខ ១,៤៧៥៥ដុល្លារកាណាដា ដែលជាកម្រិតមិនធ្លាប់ឃើញតាំងពីឆ្នាំ២០០៣មក៕