សហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានរិះគន់ខ្លាំងៗចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump លើប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន និងបាននិយាយថា ប្លុកទាំង២៧ប្រទេសនេះ នឹងឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ប្រសិនបើត្រូវបានកំណត់គោលដៅ។

រហូតមកដល់ពេលនេះ ទីក្រុងព្រុចសែល បានបង្ហាញថា ខ្លួនសង្ឃឹមថានឹងបញ្ចៀសជម្លោះពាណិជ្ជកម្មជាមួយ លោក Trump តាមរយៈការចរចា។ ប៉ុន្តែកាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ មេដឹកនាំសហរដ្ឋអាមេរិក បានបង្កើនការប្តេជ្ញាចិត្តដោយនិយាយថាលោក «ពិតជា» មានផែនការកំណត់គោលដៅលើសហភាពអឺរ៉ុបនៅពេលអនាគត ខណៈលោកបានដំឡើងពន្ធលើប្រទេសជិតខាងអាមេរិកខាងជើងរបស់លោក និងប្រទេសចិន។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា «សហភាពអឺរ៉ុប មានការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន»។ «ការបន្ថែមពន្ធនេះ បង្កើតការរំខានផ្នែកសេដ្ឋកិច្ចដែលមិនចាំបាច់ និងជំរុញឱ្យមានអតិផរណា ខណៈវាមានផលប៉ះពាល់ដល់គ្រប់ភាគីទាំងអស់»។
អ្នកនាំពាក្យរូបនេះនិយាយថា «សហភាពអឺរ៉ុប នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាមួយ ដែលដាក់ពន្ធបន្ថែមដោយអយុត្តិធម៌ ឬតាមអំពើចិត្ត លើទំនិញរបស់សហភាពអឺរ៉ុប»។ ប៉ុន្តែលោកបាននិយាយបន្ថែមថា «នៅពេលនេះ យើងមិនដឹងថា តើពន្ធបន្ថែមណាមួយនឹងត្រូវបានដាក់លើផលិតផលរបស់សហភាពអឺរ៉ុប នោះទេ»។
លោកបាននិយាយថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេស នៅតែប្តេជ្ញាចិត្តចំពោះការយកពន្ធទាប ដែលជាមធ្យោបាយមួយដើម្បី «ជំរុញកំណើននិងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធពាណិជ្ជកម្មដ៏រឹងមាំ និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់»។