ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េសហ្សេស្គីអាន(Masoud Pezeshkian) បានទៅទស្សនាការតាំងពិព័រណ៍សមិទ្ធិផលការពារដែនអាកាស កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ជាកន្លែងដែលក្រុមមន្ត្រីបានផ្តល់ឱ្យលោកនូវដំណើរទស្សនកិច្ចពិនិត្យមើលឧបករណ៍ការពារដែនអាកាសចុងក្រោយ។

ទីភ្នាក់ងារព័ត៌មាននិស្សិតរបស់ប្រទេសអ៊ីរ៉ង់ ISNA បាននិយាយថា លោក Pezeshkian បានកោតសរសើរគំនិតច្នៃប្រឌិត និងនវានុវត្តន៍របស់យុវជន ដែលបម្រើការនៅបរិវេណឧស្សាហកម្មអាកាស ដោយនិយាយថា ពួកគេនឹងក្លាយជាកម្លាំងជំរុញសមត្ថភាពការពារជាតិរបស់ប្រទេស ឲ្យឈានឆ្ពោះទៅមុខ។

ដំណើរទស្សនកិច្ចរបស់លោក បានធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយការព្រួយបារម្ភកើនឡើង ក្នុងចំណោមអ្នកធ្វើសេចក្តីសម្រេចចិត្តកំពូលៗរបស់ប្រទេសអ៊ីរ៉ង់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អាចនៅក្នុងអាណត្តិទីពីររបស់លោក នឹងផ្តល់អំណាចដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈកំពុងរឹតត្បិតទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មប្រេងរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងបើកការវាយប្រហារដោយយោធាលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនឹងក្លាយជា «កំហុសប្រវត្តិសាស្ត្រធំបំផុតមួយ ដែលសហរដ្ឋអាមេរិក អាចបង្កើតឡើង ហើយអ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងដាច់ខាត ប្រសិនបើ ទីតាំងនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានវាយប្រហារ ដែលនឹងនាំទៅរកសង្រ្គាមពេញបន្ទុកនៅក្នុងតំបន់។