អឺរ៉ុប៖ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចេញផ្សាយនៅសប្ដាហ៍នេះ អ្នកស្លាប់ដោយសារជំងឺវីរុសកូរ៉ូណានៅតំបន់អឺរ៉ុបបានកើនឡើង ១០% នៅក្នុងសប្ដាហ៍ដំបូងនៃខែនេះ ហើយក្នុងពេលមួយថ្ងៃមានអ្នកស្លាប់ជាង ៤៨,០០០នាក់ដោយសារវីរុសកូរ៉ូណាជាងពាក់កណ្ដាលនៃចំនួនអ្នកស្លាប់ ដែលបានរាយការណ៍នៅទូទាំងពិភពលោកនៅពេលនោះ ទោះបីជាករណីឆ្លងថ្មី និងការស្លាប់បានធ្លាក់ចុះ ឬនៅតែមានចំនួនថេរនៅក្នុងពិភពលោកក៏ដោយ។

ចំនួនអ្នកស្លាប់ខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងប្រទេសរុស្ស៊ី ដែលបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះបន្ទាប់មកគឺអ៊ុយក្រែន និងរូម៉ានី។ ចំនួនអ្នកឆ្លងថ្មីគឺខ្ពស់បំផុតនៅក្នុងប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស និងទួរគី នេះបើយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ របាយការណ៍របស់ទីភ្នាក់ងារនេះបាននិយាយថា អឺរ៉ុបមានចំនួនប្រហែល ២ ភាគ ៣ នៃករណីឆ្លងថ្មីដែលបានរាយការណ៍ចំនួន ៣.១លានរបស់ពិភពលោកក្នុងសប្ដាហ៍នោះ ហើយក្រុមមន្ត្រីនៅក្នុងប្រទេសដែលរងគ្រោះខ្លាំងកំពុងថ្លឹងថ្លែងការរឹតបន្តឹងថ្មី ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងខណៈដែលរដូវរងាខិតជិតមកដល់។
នៅប្រទេសអាឡឺម៉ង់ដែលប្រជាជនប្រហែល ៦៧% ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងវីរុស Covid-19 ករណីឆ្លងថ្មីរាប់ម៉ឺននាក់កំពុងត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ដែលជាករណីឆ្លងថ្មីខ្ពស់បំផុតរបស់ប្រទេស ចាប់តាំងពីជំងឺរាតត្បាតសកលនេះបានចាប់ផ្តើម។ នៅក្នុងប្រទេសរូម៉ានី វីរុស Covid-19 បានឈានដល់កម្រិតខ្ពស់បំផុត ហើយបន្ទប់សង្គ្រោះបន្ទាន់ ឬ ICU កំពុងស្ថិតក្នុងភាពទ្រុឌទ្រោម។ សរុបមកមានករណីឆ្លងជាង ២៥០លាននាក់ និងស្លាប់ជាង ៥លាននាក់ដោយសារវីរុស Covid-19 ត្រូវបានរាយការណ៍ចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម៕
អត្ថបទ៖ សុខមាន