នគរបាលនៅប្រទេសហ្សកហ្ស៊ី បានចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ទី ២ ខែកុម្ភៈ ខណៈបាតុកររាប់ពាន់នាក់ កំពុងទាមទារឱ្យមានការបោះឆ្នោតសភាថ្មី ដោយបានបិទផ្លូវ រយៈពេលខ្លី នៅជាយរដ្ឋធានី ប៊ីលីស៊ី(Tbilisi) ។

មានវត្តមាននគរបាលយ៉ាងច្រើន ដែលភាគច្រើនពាក់ក្រណាត់រុំមុខ ខណៈបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្សារទំនើបមួយកន្លែងនៅភាគខាងជើងទីក្រុង Tbilisi និងបានបិទផ្លូវរយៈពេលខ្លី។
អ្នកតវ៉ាម្នាក់ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបឋមនាំចេញ ហើយទំនងជាសន្លប់បាត់ស្មារតី។ បាតុករបីនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន រួមមានទាំងលោក Nika Melia មេដឹកនាំគណបក្សប្រឆាំងធំបំផុតរបស់ប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អតីតអភិបាលក្រុង Tbilisi លោក ជីអជី យូហ្គូឡាវ៉ា(Giorgi Ugulava) ក៏ត្រូវបានចាប់ខ្លួន ផងដែរ។
ប្រជាជនហ្សកហ្ស៊ី បានមកប្រមូលផ្តុំគ្នានៅពេលយប់ចាប់តាំងពីខែវិច្ឆិកា នៅពេលដែលគណបក្ស ក្តីសុបិនហ្សកហ្ស៊ី(Georgian Dream) ដែលជាបក្សកាន់អំណាច បាននិយាយថា ខ្លួនកំពុងផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកភាពសហភាពអឺរ៉ុបរហូតដល់ឆ្នាំ២០២៨ ដោយបញ្ឈប់ភ្លាមៗនូវគោលដៅជាតិដ៏យូរអង្វែង។
គណបក្សក្តីសុបិនហ្សកហ្ស៊ី(Georgian Dream) បានឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់ក្នុងខែតុលា ដែលគណបក្សប្រឆាំងនិយាយថា មានការបន្លំ ខណៈរដ្ឋាភិបាលនិយាយថា ការបោះឆ្នោតនេះធ្វើឡើងដោយសេរី និងយុត្តិធម៌។
ការតវ៉ាបានថយចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែពួកគេបានបន្តដោយមានកម្លាំងកាន់តែខ្លាំង កាលពីថ្ងៃអាទិត្យ។