វីដេអូដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Khartoum បានបង្ហាញថា សាកសពជាច្រើនត្រូវបានគេឃើញរុំដោយថង់ផ្លាស្ទីកពណ៌សនិងខ្មៅ ដាក់នៅលើដី ក្រោយការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)នៅប្រទេសស៊ូដង់ ទៅលើទីផ្សារមួយកន្លែងក្នុងទីក្រុង Omdurman ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៤នាក់។

វីដេអូ បានបង្ហាញ មនុស្សរងរបួសក្នុងការវាយប្រហារ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្បែរនោះ។
ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោចណាស់៥៤នាក់ បានស្លាប់ និង១៥៨នាក់រងរបួស ក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សនៅប្រទេសស៊ូដង់ (RSF) ទៅលើទីផ្សារមួយក្នុងទីក្រុង Omdurman ។

កងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងសេចក្តីថ្លែងការណ៍ បានបដិសេធការដាក់គោលដៅលើទីផ្សារ ហើយជំនួសមកវិញដោយបានចោទប្រកាន់កងទ័ពស៊ូដង់ថា បានបើកការវាយប្រហារដាក់គោលដៅទៅលើជនស៊ីវិល។ ទាំងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស បានវាយលុកនៅក្នុងតំបន់ដែលមានមនុស្សច្រើននៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ជុំវិញការធ្វើសមាហរណកម្មនៃកងកម្លាំងទាំងពីរ។
ជម្លោះនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈប្រជាជនពាក់កណ្តាល បានធ្លាក់ចូលក្នុងភាពអត់ឃ្លាន។