ប្រជាជនចិននៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានអំពាវនាវឱ្យមានការឆ្លើយតបដោយតុល្យភាពចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងការចូលរួមផ្នែកការទូត។

មនុស្សមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការដំឡើងពន្ធសងសឹក អាចជំរុញការចំណាយច្រើនលើជីវភាពរស់នៅ ខណៈអ្នកផ្សេងទៀត បានគាំទ្រវិធានការប្រឆាំង រួមជាមួយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹង។

លោក Liu Shuangxi បុគ្គលិកផ្នែកដឹកជញ្ជូនអាយុ ៤៣ ឆ្នាំបាននិយាយថា «ខ្ញុំគិតថា យើងគួរតែមានចំណាត់ការ ព្រោះថាចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ពន្ធបន្ថែមលើប្រទេសចិន យើងក៏អាចចាត់វិធានការឆ្លើយតបវិញ ផងដែរ។ ហើយមួយវិញទៀត មធ្យោបាយផ្នែកការទូត ក៏ចាំបាច់ផងដែរ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ បានបញ្ជាឱ្យដំឡើងពន្ធ២៥% លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញពីប្រទេសចិន ដោយនិយាយថា ទីក្រុងប៉េកាំងចាំបាច់ត្រូវទប់ស្កាត់លំហូរនៃសារធាតុញៀនហ្វង់តានីល(Fentanyl) ចូលទៅក្នុងសហរដ្ឋអាមេរិក។
ក្នុងការឆ្លើយតប សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន បាននិយាយថា សារធាតុហ្វង់តានីល គឺជាបញ្ហារបស់សហរដ្ឋអាមេរិក ហើយប្រទេសចិនបានផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាសារធាតុហ្វង់តានីល។