កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ថា យន្តហោះរបស់អ៊ីស្រាអែលមួយគ្រឿង បានបាញ់ទៅលើអ្វីដែលយោធាបានចាត់ទុកថាជាយានយន្តដែលគួរឱ្យសង្ស័យកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងតំបន់ហ្កាហ្សា នៅក្រៅផ្លូវត្រួតពិនិត្យដែលបានកំណត់ដោយកិច្ចព្រមព្រៀងបទឈប់បាញ់។

ក្រុមគ្រូពេទ្យសង្គ្រោះបឋមបានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីនបួននាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទៅលើរថយន្តមួយគ្រឿង នៅលើផ្លូវឆ្នេរសមុទ្រភាគខាងលិចជំរំ Nuseirat នៅតំបន់ហ្កាហ្សាភាគកណ្តាល។

ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។
អ៊ីស្រាអែល បាននិយាយថាកងកម្លាំងរបស់ខ្លួន បានបើកការបាញ់ប្រហារនៅក្នុងឧបទ្ទទវហេតុដែលគួរឱ្យសង្ស័យ ជាហានិភ័យប្រដាប់អាវុធ អាចប៉ះពាល់ដល់កងកម្លាំងអ៊ីស្រាអែល ដែលដាក់ពង្រាយនៅក្នុងតំបន់មួយចំនួននៃតំបន់ហ្កាហ្សា ខណៈត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងជាដំណាក់កាល។
ក្រុមហាម៉ាស បានចាត់ទុកឧបទ្ទវហេតុទាំងនេះ ថាជាការរំលោភលើបទឈប់បាញ់។
ការចរចា នឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារ លើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ដែលមានគោលបំណងនាំទៅដល់ការបញ្ចប់សង្គ្រាមចុងក្រោយ នៅតំបន់ហ្កាហ្សា។