នៅពេលដែលមេដឹកនាំនៃប្រទេសកាណាដា និងម៉ិកស៊ិក ប្រញាប់ប្រញាល់ឆ្លើយតបបន្ទាប់ពីលោក Donald Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មថ្មីជាមួយនឹងការដំឡើងពន្ធ ២៥% លើកាណាដា និងម៉ិកស៊ិក រួមទាំង ១០% លើប្រទេសចិន លោកប្រធានាធិបតីចិន Xi Jinping បានដកឃ្លា និងថ្លឹងថ្លែង មុនពេលទីក្រុងប៉េកាំង ប្រកាសពីការសងសឹកជាក់ស្តែងណាមួយ។

ប្រតិកម្មរបស់ចិន - ដែលកំពុងស្ថិតក្នុងពាក់កណ្តាលនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន - មិនសូវខ្លាំងក្លាប៉ុន្មានទេ ដោយដូចជាធម្មតាក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump។ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពី "ការមិនពេញចិត្ត" យ៉ាងខ្លាំង និងប្តេជ្ញា "វិធានការឆ្លើយតប" ដោយមិនបានបញ្ជាក់លម្អិត។

ចិនក៏បានសន្យាថានឹងដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក "គ្រប់គ្រងការខ្វែងគំនិតគ្នាដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក"។

ជាមួយនឹងការដំឡើងពន្ធរបស់លោក Trump នឹងចូលជាធរមានបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃអង្គារ (០៤ កុម្ភៈ) លោក Xi មានជម្រើសជាច្រើនដើម្បីឆ្លើយតបយ៉ាងឈឺចាប់លើទីក្រុងវ៉ាស៊ីនតោន លើសពីការយកពន្ធសងសឹក។ អ្នកជំនាញសេដ្ឋកិច្ចនិយាយថា ជម្រើសទាំងនោះរួមមាន ការត្រួតពិនិត្យការនាំចេញលើសារធាតុរ៉ែសំខាន់ៗ និងការរឹតបន្តឹងការចូលប្រើប្រាស់ទីផ្សារចំពោះក្រុមហ៊ុនអាមេរិកមួយចំនួនជាដើម ហើយក៏នៅតែអាចមានពន្ធសងសឹកអាមេរិកវិញដែរ៕