បាល់ទាត់៖ លោក Hansi Flick បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដោយបានក្លាយជាគ្រូបង្វឹកអាល្លឺម៉ង់ទី១ ដែលដឹកនាំក្រុមឈ្នះ ៦ប្រកួតដំបូងក្នុងតំណែងក្រោយអាល្លឺម៉ង់បំបាក់លិកតេនស្តាញ ៩-០ ក្នុងការប្រកួតជំរុះ World Cup ២០២២ ពូល J។ មុនការប្រកួតអតីតគ្រូបង្វឹកអាល្លឺម៉ង់លោក Joachim Low ក៏ធ្វើពិធីលាអ្នកគាំទ្រផ្លូវការផងដែរ។

អាល្លឺម៉ង់ជាក្រុមដែលធានាបានកៅអីនៅកាតាទៅហើយក្រោយលេងបាន ៨ប្រកួតកន្លងមក ខណៈ ៣ពិន្ទុនេះទៀតធ្វើឱ្យពួកគេមាន ២៤ពិន្ទុដាច់ក្រុមលេខ ២ ម៉ាសេដ្វាន់ខាងជើងដល់ទៅ ៩ពិន្ទុ។ លិកតិនស្តាញបានបាត់បង់កីឡាករម្នាក់តាំងពីនាទីទី៩ ក្រោយអាជ្ញាកណ្តាលបណ្តេញ Jens Hofer ក្រោយធាក់ខ្សែបម្រើ Leon Goretzka។ ក្រោយមកគ្រាប់បាល់ហូរដូចទឹកដោយរួមមាន ៣គ្រាប់នៅក្នុងវគ្គទី១ ដោយ Ilkay Gundogan និង Leroy Sane ខណៈមួយគ្រាប់ទៀតបាល់ចូលទីខ្លួនឯងរបស់លិចតិនស្តាញ។ វគ្គទី២ ក្រុមជើងឯកពិភពលោក ២០១៤ ដែលមានកីឡាករពាក់ព័ន្ធនឹង Covid-19 ច្រើនមួយនេះបន្តរកបាន ៦គ្រាប់ទៀតដែលរកបានដោយ Leroy Sane មួយគ្រាប់ទៀត ស្របពេល Thomas Muller រកបាន ២គ្រាប់ម្នាក់ឯង៕
អត្ថបទ៖នាង សុភាវុធ