យោធាអ៊ីស្រាអែល បានបំផ្ទុះអគារជាំច្រើននៅក្នុងជំរំជនភៀសខ្លួន Jenin នៅតំបន់កាន់កាប់ West Bank កាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ក្នុងប្រតិបត្តិការដែលទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនបាននិយាយថា បំផ្លាញអគារប្រហែល ២០ខ្នង។

ខ្សែវីដេអូដែលថតការវាយកម្ទេចនោះបានបង្ហាញការផ្ទុះជាបន្តបន្ទាប់ក្នុងជំរំដែលមានមនុស្សរស់នៅច្រើនកុះករ។ សំណុំដ៏ក្រាស់នៃផ្សែងហុយឡើងពីលើទីក្រុងប៉ាឡេស្ទីន ជាទីដែលកងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធាដ៏ធំមួយអស់ជិតពីរសប្តាហ៍ ដែលយោធានិយាយថាផ្តោតលើក្រុមយុទ្ធជនសកម្មប្រយុទ្ធប៉ាឡេស្ទីន និងការរឹបអូសឃ្លាំងស្តុកអាវុធ។

យោធាអ៊ីស្រាអែលនិយាយថា រចនាសម្ព័ន្ធចំនួន ២៣កន្ឡែង ត្រូវបាន "រុះរើ" នៅភាគខាងជើងតំបន់ West Bank បន្ទាប់ពីមន្ទីរពិសោធន៍គ្រឿងផ្ទុះ អាវុធ និងប៉ុស្តិ៍សង្កេតការណ៍ត្រូវបានរកឃើញ។ នាយកមន្ទីរពេទ្យរដ្ឋាភិបាល Jenin បាននិយាយថា ផ្នែកមួយនៃមន្ទីរពេទ្យបានរងការខូចខាតនៅក្នុងការបំផ្ទុះនោះ ប៉ុន្តែមិនមានអ្នករងរបួសទេ។

ក្រុង Jenin គឺជាជម្រកជំរំជនភៀសខ្លួនដ៏ច្រើននៃកូនចៅប៉ាឡេស្ទីន ដែលត្រូវបានបណ្តេញចេញ ឬរត់ចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងសង្រ្គាមឆ្នាំ១៩៤៨ នៅពេលរដ្ឋអ៊ីស្រាអែល ត្រូវបានបង្កើតឡើង។ ជំរំជនភៀសខ្លួននៅទីនោះគឺជាទីតាំងនៃសកម្មភាពក្រុមសកម្មប្រយុទ្ធអស់ជាច្រើនទសវត្សរ៍មកហើយ និងជាគោលដៅនៃការវាយឆ្មក់ម្តងហើយម្តងទៀតដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល៕