ការទម្លាក់ប្រធានាធិបតីស៊ីរីលោក បាសា អាសាដ (Bashar al-Assad)ពីតំណែង បានបញ្ចប់ការគ្រប់គ្រងដោយកណ្តាប់ដៃដែក អស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែទោះបីជាពេលនេះអំណាចស្ថិតនៅក្នុងដៃរបស់លោក Ahmed Al-Sharaa ក៏ដោយ ក៏ប្រទេសស៊ីរីប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ផុយស្រួយ ចំពេលមានកំពុងជួបប្រទះបញ្ហាដែនដី និងអភិបាលកិច្ច។

ក្រុមមេបញ្ជាការយោធា បានតែងតាំងលោក Sharaa ជាប្រធានាធិបតីបណ្តោះអាសន្ន ប៉ុន្មានសប្តាហ៍ បន្ទាប់ពីកងកម្លាំងឧទ្ទាមដឹកនាំដោយឥស្លាមនិយម បានវាយលុកទីក្រុងដាម៉ាស( Damascus)។
ការតែងតាំងលោក Sharaa ត្រូវបានស្វាគមន៍ដោយប្រទេសសំខាន់ៗនៅក្នុងតំបន់ ដូចជា អេហ្ស៊ីប កាតា ទួរគី និងអារ៉ាប៊ីសាអ៊ូឌីត។

លោកមេធាវី Ezzedine Al-Rayeq មានមូលដ្ឋាននៅទីក្រុងដាម៉ាស បាននិយាយថា ប្រជាជនស៊ីរី «ឥឡូវនេះ ពឹងផ្អែកទាំងស្រុង»លើចេតនារបស់អាជ្ញាធរថ្មី ចំពោះអនាគតរបស់ប្រទេសរបស់ពួកគេ។
លោក បានសួរថា«តើពួកគេពិតជានាំប្រទេសនេះ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដែរឬយ៉ាងណា?»
លោក Sharaa បានដឹកនាំក្រុមឥស្លាម Hayat Tahrir Al-Sham ដែលរៀបចំការវាយលុករបស់ក្រុម ឧទ្ទាម ដោយបានផ្តួលរំលំលោក អាសាដ កាលពីថ្ងៃទី ០៨ ខែធ្នូ។
ក្រុមនេះ និងក្រុមប្រឆាំងផ្សេងទៀត ត្រូវបានរំលាយ ដោយក្រុមយុទ្ធជនត្រូវបានកំណត់បញ្ចូលទៅក្នុងកម្លាំងជាតិ នាពេលអនាគត។