បាល់ទាត់៖ ទីបំផុតមិនខុសពីពាក្យចចាមអារ៉ាមមែនអតីតវីរបុរសរបស់ហង្សក្រហម Liverpool លោក Steven Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការផ្លូវការរបស់ក្លិបបាល់ទាត់ Aston Villa។ អតីតប្រធានក្រុម Liverpool វ័យ ៤១ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំក្រុមនៅ Villa Park រយៈពេល ៣ឆ្នាំកន្លះ និងបានបញ្ចប់អាជីពដឹកនាំរបស់ខ្លួននៅទឹកដីស្កុតឡេនជាមួយ Glasgow Rangers រយៈពេល ៣ឆ្នាំកន្លងទៅ។

Steven Gerrard បានមកកាន់ការនៅ Aston Villa នេះជំនួសលោក Dean Smith ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអាទិត្យ ក្រោយដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់គ្នា។ Aston Villa បច្ចុប្បន្នកំពុងឈរលេខ ១៦ ក្នុងតារាង English Premier League ក្រោយលេងបាន ១១ប្រកួត និងនៅពីលើតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ។ Steven Gerrard បាននិយាយថា Aston Villa គឺជាក្លិបដែលមានប្រវត្តិសាស្ត្រអស្ចារ្យមួយ ហើយគេពិតជាមានមោទនភាពនៅពេលទទួលបានសេចក្តីទុកចិត្តពេលនេះ។ Steven Gerrard បានចាប់ផ្តើមអាជីពជាអ្នកចាត់ការដំបូងរបស់ខ្លួននៅឆ្នាំ២០១៨ ដឹកនាំក្រុម Rangers ហើយក៏បានជួយក្រុមឈ្នះជើងឯកលីគកំពូលស្កុតឡេន Scottish Premiership នៅរដូវកាល ២០២០-២០២១ កន្លងទៅ។
Rangers ក្រោមការដឹកនាំរបស់ Gerrard ក៏កំពុងនាំមុខ Celtic ៤ពិន្ទុដែររដូវកាលនេះ។ Steven Gerrard នៅពេលជាកីឡាករបានបង្ហាញខ្លួនសរុប ៧១០ប្រកួតឱ្យ Liverpool ឈ្នះពានសរុបចំនួន ៩ មុនពេលចំណាយពេលនៅទឹកដីអាមេរិក ១ឆ្នាំលេងជាមួយ LA Galaxy ហើយក៏ប្រកាសចូលនិវត្តន៍នៅឆ្នាំ២០១៦។ Steven Gerrard គឺជាកីឡាករអង់គ្លេសទី៤ ដែលបង្ហាញខ្លួនបានច្រើនបំផុតឱ្យក្រុមជំរើសជាតិសរុប ១១៤ប្រកួតរកបាន ២១គ្រាប់៕
អត្ថបទ៖នាង សុភាវុធ