នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសរ្វ៉ាន់ដា បានបដិសេធការចោទប្រកាន់ ចំពោះការគាំទ្រក្រុមឧទ្ទាមពីចលនា M23 នៅក្នុងអរិភាពដែលកំពុងបន្ត នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានធ្វើឡើងដោយសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«រ៉្វាន់ដាច្រានចោលការចោទប្រកាន់លើកងកម្លាំងការពារប្រទេសរ៉្វាន់ដា (RDF) ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលវិសាមញ្ញនៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលបានរៀបចំឡើង កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។ កងកម្លាំង RDF ការពារព្រំដែនរបស់ប្រទេសនេះ ពីការគំរាមកំហែង និងការពារជនស៊ីវិល។
ក្រសួងការបរទេសរ៉្វាន់ដា ក៏បានចោទប្រកាន់ SADC ជុំវិញការដាក់ពង្រាយ «កម្លាំងវាយលុក» ដើម្បី «គាំទ្រសង្គ្រាមរបស់រដ្ឋាភិបាលកុងហ្គោ ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ពោលគឺ «M23 និងសមាជិកនៃសហគមន៍របស់ពួកគេ»។ SADC ក៏បានចោទប្រកាន់រដ្ឋាភិបាលកុងហ្គោ អំពីផែនការវាយប្រហារប្រទេសរ្វ៉ាន់ដា និងផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។
ក្រសួងការបរទេស បានអំពាវនាវឲ្យមានដំណោះស្រាយនយោបាយចំពោះជម្លោះ និងបានស្នើឲ្យមានកិច្ចប្រជុំកំពូលរួមនៃសហគមន៍អាហ្វ្រិកខាងកើត និង SADC លើបញ្ហានេះ។
រដ្ឋាភិបាលកុងហ្គោ ចោទប្រកាន់ប្រទេសរ្វ៉ាន់ដាពីបទឈ្លានពានដោយផ្ទាល់ និងការគាំទ្រក្រុមឧទ្ទាមមកពីចលនា M23 ។ ក្រុមឧទ្ទាមទាំងនេះ ដែលត្រូវបានជួយដោយប្រទេសរ្វ៉ាន់ដា បានដណ្តើមយកទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu នៅភាគខាងកើតកុងហ្គោ ហើយឥឡូវនេះ កំពុងវាយប្រហារ ទីក្រុងBukavu ដែលជារដ្ឋធានីនៃខេត្ត Kivu ខាងត្បូងដែលនៅជិតខាង។