អាជ្ញាធរឃើដ នៅភាគឦសានប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគ្រោងនឹងប្រគល់ស្ត្រី និងកុមារចំនួន ៨០០នាក់ រួមទាំងសាច់ញាតិរបស់ក្រុមសកម្មប្រយុទ្ធ ទៅឲ្យគ្រួសាររបស់ពួកគេ នៅក្នុងការបញ្ជូនចេញជាលើកដំបូងបែបនេះ ពីជំរំដែលមានមនុស្សណែនតាប់។
ស្ត្រី និងកុមារ ជាជនជាតិស៊ីរីទាំងអស់ កំពុងរស់នៅក្នុងចំណោមក្រុមភេរវកររដ្ឋឥស្លាម Daesh នៅក្នុងជំរំ Al-Hol ដែលគ្រប់គ្រងដោយជនជាតិឃើដ ផ្តល់ជម្រកដល់មនុស្សជិត ៧៤.000នាក់ ក្នុងនោះមានជនជាតិស៊ីរីជាង ៣០.000នាក់។
ពួកគេនឹងត្រូវបានដោះលែងនៅថ្ងៃចន្ទនេះ ហើយ «បញ្ជូនទៅឲ្យក្រុមគ្រួសាររបស់ពួកគេ» តាមការស្នើសុំរបស់កុលសម្ព័ន្ធអារ៉ាប់ ក្នុងតំបន់។ នេះបើយោងតាមលោក Abd Al-Mehbach សហប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់រដ្ឋបាលឃើដ។
លោកបាននិយាយថា នេះគឺជាលើកទី១ ក្នុងរលកនៃការដោះលែងធំជាងមុន ដែលមានបំណងធ្វើឲ្យអ្នករស់នៅស៊ីរី ចេញឲ្យអស់ពីជំរំ Al-Hol ។