មេបញ្ជាការកងកម្លាំងសំខាន់ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យថា ការបណ្តេញគ្រួសារលោក អាសាដ ( Assad) ចេញពីអំណាចនាពេលថ្មីៗនេះ គួរតែត្រូវបានអនុវត្តតាមដោយការកសាងរដ្ឋដឹកនាំតាមបែបផ្លូវលោក ស៊ីវិល និងវិមជ្ឈការ ដែលប្រព្រឹត្តចំពោះពលរដ្ឋទាំងអស់ដោយស្មើភាពគ្នា ដោយមិនគិតពីសាសនា ឬជាតិសាសន៍របស់ពួកគេនោះទេ។
មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃើដ លោក Mazloum Abdi បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យថា លោកបានជួបជាមួយប្រធានាធិបតីបណ្តោះអាសន្នថ្មីរបស់ប្រទេសស៊ីរីលោក Ahmad Al-Sharaa ក្នុងទីក្រុងដាម៉ាស( Damascus)។ លោកបានលើកឡើងថា ភាគីទាំងពីរ កំពុងចរចា ដោយមានជំនួយពីអ្នកសម្រុះសម្រួល ដើម្បីស្វែងរកការសម្របសម្រួលទាក់ទងនឹងអនាគតរបស់ប្រទេសស៊ីរី រួមទាំងអនាគតរបស់ជនជាតិឃើដផងដែរ។
លោក Abdi បានបន្ថែមថា ទាហានអាមេរិក គួរតែស្ថិតនៅក្នុងប្រទេសស៊ីរី ព្រោះក្រុមរដ្ឋឥស្លាម Daesh នឹងទទួលបានអត្ថប្រយោជន៍ពីការដកទ័ពចេញ ដែលនឹងប៉ះពាល់ដល់សន្តិសុខ ក្នុងតំបន់ទាំងមូល។
មេដឹកនាំថ្មី ត្រូវបានជ្រើសរើស បន្ទាប់ពីរបបលោក អាសាដ បានដួលរលំ។
ការគ្រប់គ្រងរយៈពេល ៥៤ឆ្នាំរបស់គ្រួសារលោក អាសាដ នៅក្នុងប្រទេសស៊ីរី បានបញ្ចប់ នៅដើមខែធ្នូ នៅពេលដែលក្រុមបះបោរដឹកនាំដោយក្រុមឥស្លាមនិយម Hayat Tahrir Al-Sham ឬ HTS បានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស។ ការដួលរលំរបស់លោក Bashar Assad កាលពីថ្ងៃទី ០៨ ខែធ្នូ បានកើតឡើងបន្ទាប់ពីជម្លោះជិត ១៤ឆ្នាំ ដែលបានសម្លាប់មនុស្សកន្លះលាននាក់ និងបានជម្លៀសប្រជាជនពាក់កណ្តាលរបស់ប្រទេសនេះ។