សាលារៀនជាច្រើន នៅតែបិទទ្វារដដែល ហើយជើងហោះហើរបន្ថែម ត្រូវបានរៀបចំត្រៀមចាំជួយមនុស្សដែលត្រូវចាកចេញពីកោះ Santorini របស់ប្រទេសក្រិក នាថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ ខណៈដែលរំញ័រពីរញ្ជួយដីតូចៗជាច្រើនដង បានធ្វើឲ្យរង្គើដល់តំបន់ទាក់ទាញទេសចរណ៍នាថ្ងៃឈប់សម្រាកដ៏ពេញនិយម ដែលជាថ្ងៃទី៤ ហើយ។

រំញ័រពីរញ្ជួយដីត្រូវបានកត់ត្រានៅចន្លោះកោះភ្នំភ្លើង Santorini និង Amorgos ក្នុងសមុទ្រ Aegean ចាប់តាំងពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយជំរុញឲ្យអាជ្ញាធរបិទសាលារៀន នៅកោះ Santorini និងកោះក្បែរនោះ គឺ Ios, Amorgos និង Anafi។
រញ្ជួយដីដែលខ្លះមានកម្រិតលើសពី ៤រ៉ិចទ័រ បានធ្វើឲ្យកោះ Santorini មានរំញ័ររៀងរាល់ ២-៣នាទីម្តង នៅថ្ងៃចន្ទនេះ ខណៈដែលមនុស្សម្នាត្រូវបានបណែនាំឲ្យចេញមកនៅក្រៅផ្ទះសម្បែង និងកំពង់ផែតូចៗ។ ដើម្បីជាការប្រុងប្រយ័ត្ន អង្គភាពឆ្លើយតបគ្រោះមហន្តរាយត្រូវបានដាក់ពង្រាយ នៅតំបន់នានា តាមស្ថានភាពជាក់ស្ដែង។
អ្នកជំនាញបានប្រាប់ឲ្យដឹងថា សកម្មភាពរញ្ជួយដី នៅលើកោះនេះ ដោយនៅតំបន់ខ្លះមានប្រជាជនរស់នៅច្រើនបំផុតដែលស្ថិតនៅលើច្រាំងថ្មចោតនោះ នឹងបន្តមានរយៈពេលជាច្រើនសប្តាហ៍ទៀត៕


