ប្រជាជនលីបង់រាប់ពាន់នាក់ បានចូលរួមក្នុងការដង្ហែក្បួន កាលពីថ្ងៃអាទិត្យ ដោយឆ្ពោះទៅកាន់ជាយក្រុង និងភូមិនានា ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល នៅក្នុងផ្នែកភាគខាងកើត និង កណ្តាលនៃភាគខាងត្បូងប្រទេសលីបង់។
ក្រុមបាតុករ បានប្រមូលផ្តុំ នៅជិតភូមិព្រំដែនចំនួន ៨ រួមមាន Aitaroun, Blida, Mays El Jabal, Houla, Markaba, Adaisseh, Kafr Kila និង Rab al-Thalatheen ក្នុងការជំរុញជាថ្មី ឲ្យដកទ័ពអ៊ីស្រាអែល ចេញពីទឹកដីលីបង់។
លោក Hassan Sheet អភិបាលក្រុង Kafr Kila បាននិយាយថា ការដង្ហែក្បួន មានគោលបំណងដាក់សម្ពាធ លើអាជ្ញាធរ រួមទាំងកងទ័ពលីបង់ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ និងគណៈកម្មាធិការ ដែលមានសមាជិក ៥រូប ដែលត្រួតពិនិត្យបទឈប់បាញ់ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឆ្ពោះទៅរកការទាមទារយកមកវិញនូវទឹកដីលីបង់ ដែលអ៊ីស្រាអែលបានកាន់កាប់។
លោកថា ប្រជាពលរដ្ឋនៅតាមព្រំដែន បានប្រមូលផ្តុំគ្នាបង្ហាញការប្ដេជ្ញាចិត្តវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្ដី។