នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Fredriksen នៅថ្ងៃចន្ទ (ទី៣ ខែមកុម្ភៈ) នេះ បាននិយាយថា ដែនដី Greenland មិនមែនសម្រាប់លក់ទេ ដោយការរំលឹកឡើងវិញនេះ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រលយពាក្យកាលពីសប្តាហ៍មុនថា ការចាប់អារម្មណ៍របស់ប្រធានាធិបតី លោក Donald Trump ដើម្បីបានគ្រប់គ្រងកោះនេះ គឺ «មិនមែនជារឿងលេងសើចនោះទេ»។
នៅមុនកិច្ចប្រជុំក្រៅផ្លូវការរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រីបាននិយាយថា៖ «បច្ចប្បន្ន ដែនដី Greenland ជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក។ វាជាផ្នែកមួយនៃទឹកដីរបស់យើង ហើយវាមិនមែនសម្រាប់លក់នោះទេ»។
គួរដឹងថា លោក Trump បានពោលក្ដែងៗថា លោកនឹងធ្វើឲ្យដែនដីស្វយ័តរបស់ដាណឺម៉ាកក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ហើយលោកមិនបានច្រានចោលនោះឡើយ ក្នុងការប្រើអំណាចយោធា ឬសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសដាណឺម៉ាកព្រមប្រគល់កោះអាកទិកមួយនេះ។
យ៉ាងណាក្ដី នៅថ្ងៃចន្ទនេះ លោកស្រី Fredriksen បានបន្ថែមថា លោកស្រីបានយល់ស្របជាមួយនឹងទស្សនៈរបស់សហរដ្ឋអាមេរិក ដែលថា តំបន់អាកទិកកាន់តែមានសារៈសំខាន់ នៅពេលនិយាយអំពីសន្តិសុខ និងការការពារ។ លោកស្រីបានបញ្ជាក់ថា៖ «ដូច្នេះ ប្រសិនបើនេះ គឺពាក់ព័ន្ធដល់ការធានាដល់ផ្នែកនៃពិភពលោករបស់យើង អ៊ីចឹង យើងប្រាកដជាអាចរកឃើញដំណោះស្រាយមិនខាន»៕