ប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក (WHO) នឹងពិភាក្សាអំពីការកាត់ផ្នែកនៃថវិការបស់ខ្លួនចំនួន ៤០០លានដុល្លារអាមេរិក ដោយសារចំណាត់ការរបស់ប្រធានាធិបតី លោក Donald Trump ដកសហរដ្ឋអាមេរិកដែលជាអ្នកផ្តល់មូលនិធិរដ្ឋាភិបាលដ៏ធំបំផុត ចេញពីទីភ្នាក់ងារនេះ។ នេះបើតាមការបង្ហាញពីឯកសារដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នេះ។
អំឡុងពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិប្រចាំឆ្នាំរបស់ទីភ្នាក់ងារនេះ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus ក៏បាននិយាយការពារការងារ និងការកែទម្រង់ថ្មីៗរបស់ទីភ្នាក់ងារនេះ ហើយបានលើកឡើងជាថ្មីម្ដងទៀតនូវការអំពាវនាវឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ ចំពោះការចាកចេញរបស់ខ្លួន និងចូលពិភាក្សាជាមួយ WHO អំពីការផ្លាស់ប្តូរបន្ថែមទៀត។
លោកបាននិយាយថា៖ «យើងសូមស្វាគមន៍ ចំពោះការផ្តល់យោបល់ពីសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំងអស់ អំពីរបៀបដែលយើងអាចធ្វើសម្រាប់អ្នក និងប្រជាជនពិភពលោកឲ្យបានប្រសើរជាងមុន»។
ការកាត់បន្ថយថវិកានេះនឹងត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ជាពេលដែលតំណាងរដ្ឋជាសមាជិក នឹងពិភាក្សាអំពីការផ្តល់មូលនិធិ និងការងាររបស់ទីភ្នាក់ងារ សម្រាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ០២៧៕