ប៉ុន្មានសប្តាហ៍ក្រោយមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបានចាកចេញទៅកាន់ប្រទេសជិតខាងអេហ្ស៊ីប កំពុងជួបការលំបាកដោយមិនដឹងសម្រេចថា តើពេលណាពួកគេអាចនឹងវិលត្រលប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ទោះបីជាពួកគេបដិសេធពីការរំពឹងទុកនៃការផ្លាស់ទីលំនៅដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ។
លោកស្រី Shorouk ជនភៀសខ្លួនម្នាក់ដែលចិញ្ចឹមជីវិតដោយការលក់អាហារប៉ាឡេស្ទីន នៅទីក្រុងគែរ ដោយដាក់ឈ្មោះហាងថា Gaza Girl បាននិយាយថា៖ «មនុស្សជាច្រើនត្រូវបានធ្វើបែកបាក់ពីស្រុកកំណើត ហើយខ្ញុំ គឺជាម្នាក់ក្នុងចំណោមពួកគេដែរ។ តើអ្នកជ្រើសរើសត្រលប់ទៅអង្គុយនៅក្នុងសំណង់ដែលរងការបំផ្លិចបំផ្លាញ និងដែលនៅតែត្រូវការសាងសង់ឡើងវិញ ឬស្នាក់នៅទីនេះ រហូតដល់វាត្រូវបានសាងសង់ឡើងវិញរួចរាល់?»។
ទោះបីជាលោកស្រីមិនអាចត្រលប់ទៅផ្ទះសម្បែងវិញ ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏លោកស្រីមិនចង់ឲ្យអ្នកភៀសខ្លួនដូចលោកស្រី ត្រូវបានទទួលយក ក្នុងនាមជាអ្នករស់នៅក្រៅដែនដីប៉ាឡេស្ទីនឡើយ។ លោកស្រីបាននិយាយថា៖ «យើង ដែលជាប្រជាជនរបស់តំបន់ហ្កាហ្សា អាចរស់នៅតែក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះ។ ប្រសិនបើគេឲ្យយើងស្នាក់នៅកន្លែងផ្សេង នោះនឹងជាដើមហេតុធ្វើឲ្យយើងបាត់បង់ដែនដី»។
គួរបញ្ជាក់ថា សំណើរបស់លោក Trump ដែលថា ប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សា ត្រូវបាននាំចេញ ហើយអ្នកស្រុកទាំងនោះត្រូវបានបញ្ជូនទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ត្រូវបានរិះគន់ជាសកលនៅទូទាំងពិភពអារ៉ាប់ ដោយចាត់ទុកថា ជាទម្រង់នៃការលុបបំបាត់ជនជាតិភាគតិច៕