ការគំរមកំហែងសង្រ្គាមពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិកបានលេចចេញជារូបរាងយ៉ាងធំកាលពីថ្ងៃចន្ទ ៣កុម្ភៈ និងគ្របដណ្ដប់លើការប្រមូលផ្តុំមេដឹកនាំអឺរ៉ុបក្នុងគោលបំណងជំរុញការការពារទ្វីបនេះក្នុងការប្រឈមការវាយលុករបស់រុស្ស៊ី។

ក្រុមមេដឹកនាំទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប បានរៀបចំកិច្ចពិភាក្សានៅទីក្រុងប្រ៊ុចសែល ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីអង់គ្លេស និងប្រមុខអង្គការណាតូ រិះរកវិធីដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប ជាតម្រូវការសំខាន់មួយដែលប្រធានាធិបតី Donald Trump បានធ្វើចំពោះសម្ព័ន្ធមិត្តរបស់អាមេរិក។

ប៉ុន្តែការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក Trump ដើម្បីកំណត់គោលដៅលើប្លុកអឺរ៉ុបឆាប់ៗនេះ បន្ទាប់ពីបានបញ្ជាដំឡើងពន្ធលើកាណាដា ម៉ិកស៊ិក និងចិន បានក្លាយជាប្រធានបទនៃកិច្ចប្រជុំនេះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា ប្រសិនបើយើងត្រូវបានវាយប្រហារក្នុងលក្ខខណ្ឌពាណិជ្ជកម្ម អឺរ៉ុប ដែលជាមហាអំណាចពិតប្រាកដ នឹងត្រូវក្រោកឈរឡើងដោយខ្លួនឯង ។

ការពិភាក្សាដ៏តឹងតែងនេះបានឆ្លុះបញ្ចាំងសារពីគណៈកម្មការអឺរ៉ុបដែលដឹកនាំគោលនយោបាយពាណិជ្ជកម្មសម្រាប់ប្លុកនេះ ហើយបានព្រមានកាលពីថ្ងៃអាទិត្យថាប្លុកនេះនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការដំឡើងពន្ធណាមួយរបស់សហរដ្ឋអាមេរិក។ជាមួយគ្នានោះ មេដឹកនាំអាល្លឺម៉ង់លោក Olaf Scholz ក៏បាននិយាយផងដែរថា អឺរ៉ុបគួរតែត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការ។
ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី Kaja Kallas ប្រធានកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បាននិយាយថា យើងត្រូវការអាមេរិក ហើយអាមេរិក ក៏ត្រូវការយើងដែរ ។គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ៕