សេចក្ដីរាយការណ៍មួយបាននិយាយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ថា រដ្ឋបាលលោក Donald Trump បានស្នើសុំការយល់ព្រមពីសភាអាមេរិក សម្រាប់ការផ្ទេរគ្រាប់បែក និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតតម្លៃប្រហែល ១ពាន់លានដុល្លារ ទៅកាន់អ៊ីស្រាអែល ទោះបីជាទីក្រុងវ៉ាស៊ីនតោន ព្យាយាមរក្សាបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងតំបន់ហ្កាហ្សាក៏ដោយ។

កាសែត Wall Street Journal ដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីការលក់នេះបានរាយការណ៍ថា ការផ្ទេរអាវុធដែលបានស្នើឡើងរួមមានគ្រាប់បែកទម្ងន់ ១.០០០ផោនចំនួន ៤.៧០០គ្រាប់ ដែលមានតម្លៃជាង ៧០០លានដុល្លារ រួមជាមួយនឹងគ្រឿងសឹកពាសដែកដែលមានតម្លៃជាង ៣០០លានដុល្លារ។

របាយការណ៍បន្ថែមថា សំណើនេះនឹងត្រូវបានបង់ពីជំនួយយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលបានបែងចែកទៅឱ្យអ៊ីស្រាអែល សរុបជាទឹកប្រាក់ចំនួន ៣,៣ពាន់លានដុល្លារជាហិរញ្ញប្បទានយោធាបរទេស។ ការយល់ព្រមពីសភាគឺចាំបាច់សម្រាប់ការលក់អាវុធបរទេសសំខាន់ៗ ដោយក្រសួងការបរទេសបានជូនដំណឹងដល់គណៈកម្មាធិការសំខាន់ៗមុនពេលដំណើរការ។
សំណើលក់សព្វាវុធនេះកើតឡើងស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកគ្រោងនឹងជួបជាមួយលោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារ ០៤ កុម្ភៈ នេះ ដើម្បីពិភាក្សាពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក៏ដូចជាភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ៕