ប្រេសិតអង្គការសហប្រជាជាតិរបស់ចិន បាននិយាយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ អាចជា "ឱកាសដ៏ល្អ" សម្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដើម្បីជួបពិភាក្សាគ្នា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ ពីព្រោះ "មានហានិភ័យច្រើនណាស់" និងបានរិះគន់ទីក្រុងវ៉ាស៊ីនតោន លើការដំឡើងពន្ធ។

ប្រទេសចិន ជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកុម្ភៈ ហើយឯកអគ្គរដ្ឋទូតចិនរបស់អង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា លោក Wang នឹងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃស្ថាប័នដែលមានសមាជិក ១៥រូប នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយនឹងផ្តោតលើពហុភាគីនិយម និងការកែលម្អអភិបាលកិច្ចពិភពលោក។

ក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីថាតើលោក Rubio នឹងចូលរួមកិច្ចប្រជុំនោះឬយ៉ាងណាទេ។ គួរបញ្ជាក់ថា លោក Rubio និងលោក Wang ធ្លាប់បានពិភាក្សាគ្នាតាមទូរសព្ទរួចមកហើយ។

ជាមួយគ្នានេះ លោក Fu បានរិះគន់ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពន្ធ ១០% លើចិន ចាប់ពីថ្ងៃអង្គារ (០៤ កុម្ភៈ) នេះ។ លោក Trump ចង់ឱ្យទីក្រុងប៉េកាំង ធ្វើបន្ថែមទៀតដើម្បីបញ្ឈប់ការជួញដូរសារធាតុហ្វង់តានីលដែលញៀនខ្លាំងចូលទៅក្នុងអាមេរិក ប៉ុន្តែលោក Fu និយាយថាទីក្រុងវ៉ាស៊ីនតោន គួរតែ "ផ្ដោតលើផ្នែកដែលមានតម្រូវការហ្វង់តានីល ជាជាងស្តីបន្ទោសអ្នកដទៃ"៕