អ្នកនាំពាក្យសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping ឆាប់ៗក្នុងសប្តាហ៍នេះ ដោយរៀបចំការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ ខណៈប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរស្វះស្វែងរកកិច្ចព្រមព្រៀងដែលអាចទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មកាន់តែទូលំទូលាយ។

លោក Trump បានដកការគំរាមកំហែងដំឡើងពន្ធ ២៥% លើម៉ិកស៊ិក និងកាណាដាកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ប៉ុន្តែពន្ធបន្ថែម ១០% របស់សហរដ្ឋអាមេរិកលើប្រទេសចិន នៅតែត្រូវចូលជាធរមានក្នុងថ្ងៃអង្គារ ០៤ កុម្ភៈ នេះ។ ការហៅទូរសព្ទនេះនឹងក្លាយជាកិច្ចពិភាក្សាដែលគេដឹងលឺជាលើកដំបូងរបស់លោក Trump និងលោក Xi ចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក។

ពន្ធទាំងនោះនៅតែមិនធំដុំដូចការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក Trump សម្រាប់ការដំឡើងពន្ធរហូតដល់ ៦០% លើទំនិញចិន។ កាលពីថ្ងៃចន្ទ លោកបានពណ៌នាការចាប់ផ្តើមដំបូងនៃពន្ធ១០% នេះថាជា "ការបើកឆាកប៉ុណ្ណោះ"។
អាមេរិកនិយាយថា ចិនជាប្រភពចម្បងនៃសារធាតុគីមីមុនគេដែលសំយោគទៅជាហ្វង់តានីល ដោយក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិក។ ចិននិយាយថា ខ្លួនបានចាត់វិធានការសំខាន់ៗរួចទៅហើយដើម្បីបង្ក្រាបសារធាតុគីមី និងវិធានការធំៗជាច្រើនដើម្បីកាត់បន្ថយការជួញដូរគ្រឿងញៀនខុសច្បាប់៕