រដ្ឋមន្ត្រីការបរទេសអារ៉ាប់ចំនួន ៥រូប និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បានផ្ញើលិខិតរួមមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រឆាំងនឹងផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី Donald Trump កាលពីចុងខែមករា។

លិខិតនេះត្រូវបានផ្ញើកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ក៏ដូចជាទីប្រឹក្សាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Hussein al-Sheikh នៅទីក្រុងគែរ។
ដំបូងឡើយ លោក Trump បានបង្ហើបសំណើថាហ្ស៊កដានី និងអេហ្ស៊ីប គួរទទួលយកជនជាតិប៉ាឡេស្ទីនពីហ្កាហ្សា កាលពីថ្ងៃទី២៥ ខែមករា។

នៅពេលត្រូវសាកសួរថាតើយោបល់ថានោះជាដំណោះស្រាយរយៈពេលវែង ឬរយៈពេលខ្លី ប្រធានាធិបតីអាមេរិករូបនេះឆ្លើយថា "អាចទាំងពីរ"។

ការអត្ថាធិប្បាយរបស់លោក Trump បានជំរុញបន្ថែមលើការភ័យខ្លាចរបស់ជនជាតិប៉ាឡេស្ទីនជាយូរមកហើយថាត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាអចិន្ត្រៃយ៍ ហើយត្រូវបានគេដាក់ឈ្មោះថាជាសំណើនៃការបោសសម្អាតជនជាតិភាគតិច ដោយក្រុមអ្នករិះគន់។ ហ្ស៊កដានី អេហ្ស៊ីប និងប្រទេសអារ៉ាប់ផ្សេងទៀតបានជំទាស់យ៉ាងដាច់អហង្ការនឹងសំណើនេះ៕