មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ក្នុងការប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងការការពាររបស់ពួកគេប្រឆាំងនឹងរុស្ស៊ី និងការគំរាមកំហែងផ្សេងទៀត ដោយការបង្កើនការចំណាយ និងការបំពេញចន្លោះប្រហោងក្នុងសមត្ថភាពយោធារបស់ពួកគេ។

លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃមេដឹកនាំសហភាពអឺរ៉ុប បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីការការពារជាតិនៅទីក្រុងប្រ៊ុចសែលថា "កិច្ចការជាច្រើនបានធ្វើរួចហើយ ប៉ុន្តែយើងត្រូវធ្វើរួមគ្នាឱ្យកាន់តែល្អ កាន់តែរឹងមាំ និងកាន់តែលឿនបន្ថែមទៀត"។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំភាគច្រើនមិនបានឆ្លើយតបនឹងសំណួរថាតើការបង្កើននៃការចំណាយលើវិស័យការពារជាតិរបស់ពួកគេនោះ នឹងត្រូវចំណាយយ៉ាងដូចម្តេចទេ។

បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិរួចហើយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅឆ្នាំ២០២២ លើអ៊ុយក្រែន និងទស្សនៈដែលកំពុងកើនឡើងថា ពួកគេមិនអាចពឹងផ្អែកច្រើនពេកលើអាមេរិក ដើម្បីការពារទ្វីបនេះក្នុងប៉ុន្មានឆ្នាំខាងមុខបានទេ។
កិច្ចខិតខំប្រឹងប្រែងនោះក៏ត្រូវបានជំរុញដោយសំណួរអំពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះសម្ព័ន្ធសន្តិសុខរបស់អង្គការណាតូ និងការទាមទាររបស់លោកឱ្យបណ្តាប្រទេសអឺរ៉ុប ចំណាយប្រាក់បន្ថែមទៀតលើការការពារទ្វីបនេះ៕