ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា មិនមានការធានាណាមួយថា បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សានឹងធ្វើឡើងនោះទេ ខណៈលោកបានត្រៀមជួបពិភាក្សាអំពីអនាគតរបស់ដែនដីនេះជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។

លោក Netanyahu បានទៅដល់ទីក្រុងវ៉ាស៊ីនតោនហើយកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយរដ្ឋបាល លោកTrump លើដំណាក់កាលទីពីរនៃបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដែលបទឈប់បាញ់ដំណាក់កាលទី១ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។

ត្រឹមតែជាងពីរសប្តាហ៍បន្ទាប់ពីបទឈប់បាញ់ មន្ត្រីក្រុមហាម៉ាសពីររូបបាននិយាយថា ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាអំពីព័ត៌មានលម្អិតនៃដំណាក់កាលទីពីរ ដែលអាចជួយធានាបាននូវការបញ្ឈប់អំពើហិង្សាយូរអង្វែង។
មុនពេលចាកចេញពីអ៊ីស្រាអែល លោក Netanyahu បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងពិភាក្សាអំពី ជ័យជម្នះលើក្រុមហាម៉ាស ការប្រឆាំងនឹងអ៊ីរ៉ង់ និងដោះលែងចំណាប់ខ្មាំងទាំងអស់ នៅពេលជួបលោក Trump នៅថ្ងៃអង្គារនេះ។
អ្នកសារព័ត៌មាន អាស៊ីអូស (Axios) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោក Netanyahu កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងបន្តដំណើរទស្សនកិច្ចរបស់លោក និងត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញនៅថ្ងៃសៅរ៍៕