ប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi និងប្រធានាធិបតីប្រទេសរ៉្វាន់ដា លោក Paul Kagame នឹងចូលរួមកិច្ចប្រជុំកំពូលមួយនៅថ្ងៃសៅរ៍ ខណៈក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេស រ៉្វាន់ដា រុលទៅមុខនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អ្នកប្រយុទ្ធក្រុមឧទ្ទាម M23 និងទាហានប្រទេសរ៉្វាន់ដា ទទួលបានភាពរីកចម្រើនច្រើននៅភាគខាងកើតសាធារណៈរដ្ឋកុងហ្គោ ដោយដណ្តើមយកបានទីក្រុង Gomaដ៏សំខាន់ កាលពីសប្តាហ៍មុន ហើយបានប្តេជ្ញាថានឹងបន្តដំណើរទៅកាន់រដ្ឋធានី Kinshasa ។

ដោយភាពតានតឹងកើនឡើង លោក Tshisekedi បានសន្យាថានឹងមានការឆ្លើយតបដោយយោធាយ៉ាងខ្លាំងក្លា និងបានទទូចឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើប្រទេសរ៉្វាន់ដា។
លោក Tshisekedi និងលោក Kagame នឹងចូលរួមកិច្ចប្រជុំកំពូលរួមគ្នារយៈពេលពីរថ្ងៃនៃបណ្តាប្រទេសអាហ្វ្រិកខាងកើត និងភាគខាងត្បូង ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ នៅក្នុងប្រទេសតង់ហ្សានី ហើយប្រទេសកេនយ៉ា កាន់តំណែងជាប្រធានប្តូរវេននៃសហគមន៍អាហ្វ្រិកខាងកើត។
ការវាយលុកលឿនដូចផ្លេកបន្ទោរ គឺជាការកើនឡើងចុងក្រោយ នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាជាច្រើនទសវត្សរ៍មកពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធរាប់សិបក្រុម ដោយ ក្រុមជាច្រើនកំពុងស្វែងរកការគ្រប់គ្រងបណ្តាញដ៏សម្បូរបែបនៃសារធាតុរ៉ែសំខាន់ៗដែលត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យា។