យោងតាមឯកសារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក កំពុងសម្លឹងមើលការកាត់ផ្នែកនៃកញ្ចប់ថវិការបស់ខ្លួនចំនួន៤០០លានដុល្លារ។

ចំណាត់ការនេះ ធ្វើឡើងក្នុងពេលផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដកប្រទេសរបស់លោកចេញពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ក្នុងការបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិប្រចាំឆ្នាំកាលពីថ្ងៃចន្ទ អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានការពារការងាររបស់ខ្លួន និងកំណែទម្រង់ថ្មីៗ។

លោកក៏បានអំពាវនាវជាថ្មីម្តងទៀតដល់សហរដ្ឋអាមេរិក ឱ្យពិចារណាឡើងវិញពីការចាកចេញនេះ។ យើងជឿជាក់លើការធ្វើឲ្យប្រសើរជាបន្តបន្ទាប់ ហើយយើងស្វាគមន៍ការផ្ដល់យោបល់ពីសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំងអស់ អំពីរបៀបដែលយើងអាចបម្រើអ្នក និងប្រជាជននៅលើពិភពលោកឱ្យកាន់តែប្រសើរឡើង។
ការកាត់កញ្ចប់ថវិកានឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្ងៃទី ៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ខណៈអ្នកតំណាងរដ្ឋជាសមាជិកពិភាក្សាអំពីការផ្តល់មូលនិធិ និងការងាររបស់ទីភ្នាក់ងារសម្រាប់រយៈពេលពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧។ ឯកសារដែលបានចេញផ្សាយថ្មី បង្ហាញថាក្រុមប្រឹក្សាភិបាលមានបំណងកាត់បន្ថយផ្នែកកម្មវិធីជាមូលដ្ឋាននៃថវិកាដែលបានស្នើឡើងពី៥,៣ពាន់លានដុល្លារទៅ ៤.៩ពាន់លានដុល្លារ។
នោះគឺជាផ្នែកនៃកញ្ចប់ថវិកាចំនួន៧,៥ពាន់លានដុល្លារ ដែលត្រូវបានស្នើឡើងដំបូង រួមទាំងថវិកាដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង និងដោះស្រាយគ្រាអាសន្ន។
សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយរដ្ឋាភិបាលធំបំផុតរបស់អង្គការសុខភាពពិភពលោក ដោយបានរួមចំណែកប្រហែល១៨% នៃថវិកាសរុបរបស់ខ្លួន។ ទីភ្នាក់ងារនេះ បានចាត់វិធានការកាត់បន្ថយការចំណាយមួយចំនួនដាច់ដោយឡែក បន្ទាប់ពីសេចក្តីប្រកាសរបស់លោក Trump ។