រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ប្រទេសកុងហ្គោ បាននិយាយកាលពីថ្ងៃចន្ទទី៣ ខែកុម្ភៈ ថា សហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការជាក់ស្តែង និងដាក់ទណ្ឌកម្មលើប្រទេសរ្វ៉ាន់ដា ដើម្បីទប់ស្កាត់ជម្លោះក្រុមឧទ្ទាម M23 នៅភាគខាងកើតប្រទេសកុងហ្គោ និងរក្សាសន្តិភាពនៅក្នុងតំបន់ដ៏ទូលំទូលាយ។

ការរីកធំជម្លោះដែលកំពុងតែបន្ត បានជម្លៀសប្រជាជនប្រហែលកន្លះលាននាក់បន្ថែមទៀត និងនាំទៅដល់ការដណ្តើមយកបានទីក្រុង Goma ភាគខាងកើតធំបំផុតរបស់ប្រទេសកុងហ្គោ កាលពីសប្តាហ៍មុនដោយជំរុញឱ្យមានការព្រួយបារម្ភពីសង្គ្រាមក្នុងតំបន់ ដូចដែលមនុស្សរាប់លាននាក់ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០៣ ដែលភាគច្រើនបណ្តាលមកពីភាពអត់ឃ្លាន និងជំងឺ។

មហាអំណាចបរទេស រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះការជាប់ពាក់ព័ន្ធរបស់ប្រទេសរ៉្វាន់ដា ក្នុងការប្រយុទ្ធនេះ ដែលរបាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយថា រួមមានទាំងការដាក់ពង្រាយកងទ័ព និងអាវុធផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់កងជីវពល M23 ដឹកនាំដោយក្រុម Tutsi ។
រដ្ឋមន្ត្រី លោក Muyaya បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងរដ្ឋធានីគីនសាសា ថា «ការសម្រេចចិត្តដ៏រឹងមាំ ត្រូវតែធ្វើឡើង មិនត្រឹមតែដើម្បីថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបញ្ឈប់នូវអ្វីដែលប្រទេស រ៉្វាន់ដា កំពុងធ្វើ ព្រោះវាមិនអាចទទួលយកបានទេ ប្រសិនបើអ្នកចង់រក្សាសន្តិភាពនៅក្នុងទ្វីបអាហ្រ្វិក និងក្នុងតំបន់របស់យើង។
ប្រទេសរ៉្វាន់ដា បាននិយាយថា ខ្លួនកំពុងការពារខ្លួនប្រឆាំងការគំរាមកំហែងពីកងជីវពលកុងហ្គោ ដោយពុំបានអត្ថាធិប្បាយដោយផ្ទាល់ថាតើ កងទ័ពរបស់ខ្លួនបានឆ្លងព្រំដែន ឬយ៉ាងណា នោះទេ។