គ្រាប់បែកបំផ្ទុះក្នុងរថយន្តមួយគ្រាប់ បានផ្ទុះនៅភាគខាងជើងប្រទេសស៊ីរី ដោយបានសម្លាប់មនុស្ស២០នាក់។ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បានថ្កោលទោសហេតុការណ៍នេះថាជាអំពើភេរវកម្ម។

យោងតាមការប្រកាសពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី និងរដ្ឋាភិបាលបណ្តោះអាសន្នបានឲ្យដឹងថា រថយន្តនេះ ត្រូវបានបំផ្ទុះនៅជាយក្រុងភាគខាងជើងទីក្រុង Manbij កាលពីថ្ងៃចន្ទ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស។

មន្ត្រី និយាយថា ជនរងគ្រោះភាគច្រើនជាកម្មករស្ត្រីផ្នែកកសិកម្ម។ ទីក្រុង Manbij គឺជាទីតាំងមួយនៅភាគខាងជើងប្រទេសស៊ីរី ដែលបានមើលឃើញការប៉ះទង្គិចគ្នាខ្លាំងក្លា រវាងកងកម្លាំងដឹកនាំដោយក្រុមឃឺដ និងក្រុមគាំទ្រដោយប្រទេសទួរគី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី ជាក្រុមតាមដានស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និយាយថា តំបន់ដែលការបំផ្ទុះបានកើតឡើង ត្រូវបានគ្រប់គ្រងដោយក្រុមគាំទ្រទួរគី។ ឧបទ្ទវហេតុនេះ បានកើតឡើងបន្ទាប់ពីការបំផ្ទុះរថយន្តមួយគ្រឿងផ្សេងទៀត កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដែលបានសម្លាប់មនុស្ស៩នាក់។
គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ចាត់ទុកថា ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅប្រទេសស៊ីរី ចាប់តាំងពីការដួលរលំរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar al-Assad មក។
ប្រទេសស៊ីរី នៅតែគ្មានស្ថិរភាព ទោះបីជាមានការខិតខំរបស់រដ្ឋាភិបាលបណ្តោះអាសន្នដើម្បីនាំមកនូវការឯកភាពដល់ប្រទេសនេះក៏ដោយ។