ទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក កំពុងមើលឃើញការតវ៉ាជាច្រើនចាប់តាំងពីថ្ងៃចន្ទទី៣កុម្ភៈជាផ្នែកមួយនៃចលនាទូទាំងប្រទេស មានឈ្មោះថា ទិវាគ្មានការធ្វើអន្តោប្រវេសន៍។

ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាជិតអគារ Trump Tower នៅក្នុងទីក្រុងChicago។
យុទ្ធនាការណ៍នេះមានគោលបំណងថ្កោលទោសផែនការនិរទេសជនអន្តោប្រវេសន៍ទ្រង់ធំរបស់លោក Donald Trump ។
ចំណែកនៅទីក្រុងអាត្លង់ទិក រដ្ឋ New Jersey វិញក្រុមបាតុករជាងមួយរយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ៣ កុម្ភៈ ដើម្បីបង្ហាញការគាំទ្រសិទ្ធិជនអន្តោប្រវេសន៍។

ក្រុមអ្នកតវ៉ាបានសម្តែងការគាំទ្ររបស់ពួកគេចំពោះច្បាប់ Immigrant Trust Act ជាច្បាប់ដែលមានគោលបំណងការពារជនអន្តោប្រវេសន៍ពីការនិរទេស និងផ្តល់សិទ្ធិឱ្យពួកគេទទួលបានសេវាសាធារណៈនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

សារព័ត៌មាន Reuters អាចផ្ទៀងផ្ទាត់ទីតាំងដោយឯករាជ្យជាមួយនឹងអគារចំណាស់ ដើមឈើ និងភ្លើងតាមចិញ្ចើមផ្លូវ ដែលត្រូវនឹងឯកសារ និងរូបភាពផ្កាយរណបនៃទីកន្លែង ក៏ដូចជាទិន្នន័យមេតាឯកសារដើម។សារព័ត៌មាននេះអាចបញ្ជាក់កាលបរិច្ឆេទនៃការថតវីដេអូដោយទិន្នន័យមេតាឯកសារដើម។ យោងតាមសារព័ត៌មានក្នុងស្រុក ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់ព្រឹទ្ធសមាជិករដ្ឋ លោក Vincent Polistina ដើម្បីជំរុញការគាំទ្ររបស់លោកចំពោះច្បាប់នេះ។ ខណៈកំពុងគ្រវីទង់ជាតិរបស់ប្រទេសដូចជាម៉ិកស៊ិក បេលីស និងហុងឌូរ៉ាស ក្រុមបាតុករបានស្រែកពាក្យស្លោកដូចជា យើងអាចធ្វើបាន និង ប្រជាជនដែលបានរួបរួមគ្នា នឹងមិនចុះចាញ់ឡើយ។
ការតវ៉ាដ៏ធំមួយបានផ្ទុះឡើងនៅកណ្តាលទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការបង្រ្កាបរបស់លោកប្រធានាធិបតី Trump លើជនអន្តោប្រវេសន៍ និងការសង្កត់ធ្ងន់លើការនិរទេស៕