អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ី បានបញ្ជាក់នៅថ្ងៃអង្គារនេះថា រុស្ស៊ី នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik របស់ខ្លួននៅក្នុងប្រទេសបេឡារុស ស្របតាមកិច្ចព្រមព្រៀងដែលបានឈានដល់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ។

លោក Alexey Polishchuk ប្រធានអង្គភាពទីពីរនៃរដ្ឋសហធនឯករាជ្យនៅក្រសួងការបរទេសរុស្ស៊ី បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន TASS ថា «ស្របតាមការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត ប្រទេសរុស្ស៊ី បានត្រៀមរួចជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ដល់ទីក្រុង Minsk និងមានចំណាត់ការដើម្បីការពារលំហអកាសរួមរបស់យើង»។
លោកបានសង្កត់ធ្ងន់ថា មីស៊ីលបាលីស្ទីក Oreshnik រយៈចម្ងាយមធ្យម នឹងត្រូវដាក់នៅក្នុងប្រទេសបេឡារុស ជាផ្នែកនៃកិច្ចព្រមព្រៀង ទាំងនេះ។

លោក Polishchuk បាននិយាយបន្ថែមថា ប្រទេសបេឡារុស បានរៀបចំទទួលក្រុមកងកម្លាំងប្រចាំតំបន់រួមគ្នា ប្រព័ន្ធការពាររុស្ស៊ីទំនើប និងអាវុធនុយក្លេអ៊ែរពុំមែនយុទ្ធសាស្ត្ររួចហើយ ដោយបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារសន្តិសុខរបស់ប្រទេស មានសមត្ថភាពក្នុងការដោះស្រាយការគំរាមកំហែងទាំងខាងក្រៅ និងខាងក្នុងដោយឯករាជ្យ។
កាលពីចុងខែមករា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានប្រកាសថា ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ីនឹងទៅដល់ប្រទេសបេឡារុស ហើយប្រព័ន្ធនេះអាចត្រូវបានដាក់ពង្រាយនៅជិតតំបន់ Smolensk ។