សម្តេចប៉ាប ហ្វ្រង់ស៊ីស បានថ្លែងក្នុងអំឡុងពេលអធិស្ឋាន កាលពីថ្ងៃអាទិត្យថា ភាពភ័យរន្ធត់នៃអំពើសម្លាប់រង្គាលនេះ មិនអាច «បំភ្លេច ឬបដិសេធបានឡើយ» ខណៈដែលព្រះអង្គ ក៏បានលើកឡើងពីការឈឺចាប់ នាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីសង្រ្គាមស៊ីវិល នៅប្រទេសស៊ូដង់។
ថ្លែងនៅមុនថ្ងៃគម្រប់ខួប ៨០ឆ្នាំនៃការរំដោះជំរំប្រមូលផ្តុំ Auschwitz-Birkenau ព្រះអង្គបានអំពាវនាវដល់ពិភពលោកទាំងមូលឲ្យ «ធ្វើការរួមគ្នា ដើម្បីលុបបំបាត់ការគំរាមកំហែងនៃការប្រឆាំងជនជាតិជ្វីហ្វ ក៏ដូចជាគ្រប់ទម្រង់នៃការរើសអើងផ្នែកសាសនា និងការធ្វើទុក្ខបុកម្នេញផ្សេងៗ។
ដោយងាកទៅមើលប្រទេសស៊ូដង់ សម្តេចប៉ាប បានថ្លែងថា សង្គ្រាមនេះ គឺជា «វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុត នៅក្នុងពិភពលោក»។
ព្រះអង្គមានព្រះបន្ទូលនៅលើសេវាសារព័ត៌មាន Sunday Angelus ថា៖«ខ្ញុំបន្តការអំពាវនាវរបស់ខ្ញុំ ទៅកាន់ភាគីសង្រ្គាម នៅក្នុងប្រទេសស៊ូដង់ ឲ្យបញ្ឈប់អរិភាព និងព្រមព្រៀងគ្នាអង្គុយនៅតុចរចា»។
ជម្លោះក្នុងប្រទេសស៊ូដង់ រវាងកងទ័ពនិងកងជីវពលនៃកងកម្លាំងគាំទ្ររហ័ស បានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ដោយធ្វើឲ្យមនុស្សជាង ១២លាននាក់ ផ្លាស់ទីលំនៅ និងបង្កឲ្យមានភាពស្រេកឃ្លានយ៉ាងទូលំទូលាយ នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ។