នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ី នឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មយ៉ាងសកម្មជាមួយប្រទេសផ្សេងទៀត ដូចជាប្រទេសចិន រុស្ស៊ី និងប្រេស៊ីល ជំនួសឲ្យការរង់ចាំផលប៉ះពាល់ពីការដំឡើងពន្ធពាណិជ្ជកម្មដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិក។
លោក អាន់វ៉ា បានប្រាប់សភាថា ការរង់ចាំការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់អវិជ្ជមានដល់ម៉ាឡេស៊ី ដោយបន្ថែមថា មានភាពមិនច្បាស់លាស់ បន្ទាប់ពីការផ្អាករយៈពេល ៣០ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) លើការដំឡើងពន្ធទៅលើប្រទេសកាណាដា និងម៉ិកស៊ិក។
ការដំឡើងពន្ធរបស់អាមេរិកលើប្រទេសចិន នៅមានសុពលភាពនៅឡើយ។
លោក អាន់វ៉ា បានបញ្ជាក់ថា ម៉ាឡេស៊ីមិនអាចធ្វើសកម្មភាពបានឆាប់រហ័ស ក្នុងការប្រឆាំងការឡើងពន្ធឡើយ ដោយសារនៅតែមានភាពមិនប្រាកដប្រជាដ៏ច្រើនផ្នែកភូមិសាស្ត្រនយោបាយ។
លោក អាន់វ៉ា បាននិយាយថា៖«ផ្នែករបស់យើង យើងត្រូវចាត់វិធានការយ៉ាងសកម្ម...ដើម្បីបើកបណ្តាញដៃគូពាណិជ្ជកម្ម ឲ្យកាន់តែទូលំទូលាយ» ។