ក្រសួងដឹកជញ្ជូនបាននិយាយនៅថ្ងៃអង្គារ (០៤ កុម្ភៈ) នេះថា កូរ៉េខាងត្បូង មានបំណងកសាងឡើងវិញនូវប្រព័ន្ធសុវត្ថិភាពអាកាសចរណ៍របស់ខ្លួនតាំងពីដំបូងមកវិញ ដោយចាប់ផ្តើមគណៈកម្មាធិការថ្មីមួយដើម្បីកែលម្អការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេសដែលបានទទួលរងនូវឧប្បត្តិហេតុអាកាសចរណ៍ធំៗពីរលើកក្នុងពេលត្រឹមតែមួយខែដាច់ពីគ្នា។
អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក Baek Won-kuk និយាយថា "ដើម្បីស្ដារការជឿទុកចិត្តលើប្រព័ន្ធសុវត្ថិភាពអាកាសចរណ៍របស់កូរ៉េខាងត្បូង រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការកសាងប្រព័ន្ធសុវត្ថិភាពអាកាសចរណ៍ឡើងវិញតាំងពីកម្រិតមូលដ្ឋានមក"។

គួររម្លឹកថា នៅក្នុងគ្រោះមហន្តរាយផ្លូវអាកាសដ៏កាចសាហាវបំផុតមិនធ្លាប់មាននៅលើទឹកដីកូរ៉េខាងត្បូង យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានធ្លាក់នៅឯអាកាសយានដ្ឋាន Muan របស់ប្រទេសកាលពីថ្ងៃទី២៩ ខែធ្នូ ដោយបានសម្លាប់អ្នកដំណើរ និងបុគ្គលិកសរុប ១៧៩នាក់ នៅលើយន្តហោះ។
ក្នុងឧប្បត្តិហេតុដ៏ធំមួយទៀតកាលពីសប្តាហ៍មុន យន្តហោះ Air Busan ត្រូវបានឆាបឆេះនៅអាកាសយានដ្ឋានអន្តរជាតិប៊ូសាន ខណៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយនោះបានរៀបចំចេញដំណើរ ដោយអ្នកទាំងអស់នៅលើយន្តហោះត្រូវបានជម្លៀសដោយសុវត្ថិភាព៕

