ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារ (០៤ កុម្ភៈ) នេះថា ទាហានកូរ៉េខាងជើង ដែលកាលពីមុនបានប្រយុទ្ធរួមគ្នាជាមួយកងទ័ពរុស្ស៊ី នៅលើសមរភូមិជួរមុខនៃតំបន់ Kursk ហាក់ដូចជាមិនបានចូលរួមក្នុងការប្រយុទ្ធទៀតទេចាប់តាំងពីពាក់កណ្តាលខែមករាមក បន្ទាប់ពីអ៊ុយក្រែនបានអះអាងថា ពួកគេបានដកទ័ពចេញក្រោយការខាតបង់យ៉ាងធ្ងន់ធ្ងរ។
សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បាននិយាយថា "ចាប់តាំងពីពាក់កណ្តាលខែមករាមក ទាហានកូរ៉េខាងជើង ដែលបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី ហាក់ដូចជាមិនបានចូលរួមក្នុងការប្រយុទ្ធនោះទេ"។
ទីភ្នាក់ងារចារកម្មនេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ហេតុផលមួយសម្រាប់ការមិនចូលរួមនេះអាចមកពីមានអ្នកស្លាប់ និងរបួសជាច្រើនពេក ប៉ុន្តែព័ត៌មានលម្អិតពិតប្រាកដនៅតែកំពុងស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ"។
ភ្នាក់ងារចារកម្មលោកខាងលិច កូរ៉េខាងត្បូង និងអ៊ុយក្រែន បាននិយាយថា ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានជាង ១០.០០០នាក់ ដើម្បីគាំទ្រកងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ជាទីដែលអ៊ុយក្រែន បើកការវាយលុកឆ្លងព្រំដែនកាលពីខែសីហា។ ទាំងទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ មិនបានបញ្ជាក់ជាផ្លូវការអំពីការដាក់ពង្រាយទ័ពនោះឡើយ៕


