អាជ្ញាធរមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានអំពាវនាវឱ្យម្ចាស់ជំនួយ និងក្រុមជំនួយផ្តល់អាទិភាពដល់ការបញ្ជូនតង់ និងជម្រកបណ្តោះអាសន្ន ដើម្បីឱ្យប្រជាជនដែលផ្ទះសម្បេងរបស់ពួកគេត្រូវបានបំផ្លាញដោយប្រតិបត្តិការសឹករបស់អ៊ីស្រាអែល បានស្នាក់នៅ ខណៈចោទអ៊ីស្រាអែល ថាបានរារាំងដល់ការផ្គត់ផ្គង់ជំនួយ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ថា ក្រុមគ្រួសារប៉ាឡេស្ទីនរាប់ពាន់នាក់នៅទូទាំងតំបន់ហ៊ុមព័ទ្ធកំពុងស្នាក់នៅដីវាលខាងក្រៅ ស្របពេលមានសីតុណ្ហភាពត្រជាក់ខ្លាំង។
ការិយាល័យនេះបានជំរុញឱ្យអង្គការសប្បុរសធម៌ Hashemite ដែលបាននិងកំពុងជួយសម្របសម្រួលជំនួយដល់ប៉ាឡេស្ទីន ដើម្បីរួមបញ្ចូលតង់ជាមួយនឹងស្បៀងអាហារ និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀតនៅក្នុងការដឹកជញ្ជូនជំនួយនាពេលខាងមុខ។
ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានត្រឡប់ទៅភាគខាងជើងហ្កាហ្សាវិញ បន្ទាប់ពីបទឈប់បាញ់បានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន។ ប៉ុន្តែមនុស្សជាច្រើនបានមើលឃើញថាផ្ទះសម្បែងរបស់ពួកគេបានប្រែទៅជាកម្ទេចថ្ម ខណៈអ៊ីស្រាអែល បានបំផ្លាញតំបន់លំនៅឋានទាំងមូលនៅក្នុងទីក្រុងហ្កាហ្សា និងទីក្រុងភាគខាងជើងដូចជាតំបន់ Jabalia និង Beit Hanoon ជាដើម៕


