បើយោងតាមរបាយការណ៍របស់សារព័ត៌មាន AFP បានឲ្យដឹងថា ប្រទេសចិន នៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) នេះ បានប្រាប់ថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជំទាស់នឹងការដំឡើងពន្ធរបស់ប្រធានាធិបតីលោក Donald Trump ដោយចាត់ទុកចំណាត់ការនេះថា «បង្កប់ដោយគំនិតព្យាបាទ»។
សេចក្ដីរាយការណ៍នោះ ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ផ្លូវការមួយពីទីក្រុងប៉េកាំង បានឲ្យដឹងថា ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង «ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន» ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ប្រទេសចិន។

សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា អមដោយការបន្ថែមថា វិធានការរបស់សហរដ្ឋអាមេរិក គឺជា «មានលក្ខណៈព្យាបាទ» នោះ ក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសចិនបានប្តឹងជំទាស់នឹងវិធានការពន្ធរបស់សហរដ្ឋអាមេរិក ក្រោមយន្តការដោះស្រាយវិវាទរបស់ WTO»។
គួរបញ្ជាក់ថា ជាប្រតិកម្មតបដោយផ្ទាល់ទៅនឹងការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Trump អំពីការដំឡើងពន្ធ ១០ភាគរយលើការនាំចូលរបស់ចិន ប្រទេសចិន នៅថ្ងៃទី៤ ខែកុម្ភៈនេះ ក៏បានប្រាប់ផងដែរថា ខ្លួននឹងដំឡើងពន្ធ ១៥ភាគរយលើការនាំចូលធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក៕


