នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់សហភាពអឺរ៉ុប (EU) ឲ្យ «ធ្វើការបន្ថែមទៀត» នៅពេលនិយាយពាក់ព័ន្ធនឹងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយការលើកឡើងនេះ កើតមាននៅមុនពេលចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំ EU ដើម្បីពិភាក្សាអំពីសន្តិសុខ។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ប៉ុន្មានម៉ោងមុនពេលជួបជុំអាហារពេលល្ងាចជាមួយបណ្ដាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃរដ្ឋសមាជិក EU ទាំង ២៧ប្រទេស លោក Starmer ក៏បានពិភាក្សាអំពីទស្សនៈនានា សម្រាប់កិច្ចព្រមព្រៀងសន្តិសុខថ្មី ក្រោយ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពី EU) ជាមួយប្លុកនេះ។
លោក Starmer បាននិយាយថា៖ «សន្តិភាពនឹងកើតឡើងតាមរយៈកម្លាំង ហើយយើងត្រូវតែធ្វើអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់ការការពារជាតិរបស់ប្រទេសអ៊ុយក្រែន។ នោះមានន័យថា ធ្វើឲ្យសមរភូមិជួរមុខមានស្ថិរភាព ផ្តល់គ្រឿងយុទ្ធោបករន៍ និងការបណ្តុះបណ្តាលដែលពួកគេត្រូវការ។ នោះហើយជាមូលហេតុដែលឆ្នាំនេះ ចក្រភពអង់គ្លេសនឹងផ្តល់ការគាំទ្រផ្នែកយោធាច្រើនជាងមុនដល់អ៊ុយក្រែន។ យើងត្រូវការឃើញសម្ព័ន្ធមិត្តទាំងអស់ កំពុងធ្វើការបន្ថែមទៀត ជាពិសេសនៅអឺរ៉ុប»។
ដោយពន្យល់ពីចក្ខុវិស័យរបស់លោក សម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យការពារជាតិ លោក Starmer បាននិយាយថា លោកចង់បានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស ដែលគ្របដណ្តប់ «បច្ចេកវិទ្យាយោធា និង R&D (ការស្រាវជ្រាវ និងអភិវឌ្ឍន៍) កែលម្អកងកម្លាំងចល័ត នៅទូទាំងទ្វីបអឺរ៉ុប ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង និងធ្វើឲ្យកិច្ចសហប្រតិបត្តិការឧស្សាហកម្មរបស់យើងកាន់តែស៊ីជម្រៅ ដើម្បីបង្កើនផលិតកម្មការពារជាតិ»៕