បន្ទាប់ពីមានកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) បាននិយាយថា អឺរ៉ុបមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការការពារផលប្រយោជន៍របស់ខ្លួន អំឡុងពេលចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លោក Scholz បាននិយាយថា៖ «សហភាពអឺរ៉ុបមានភាពរឹងមាំ។ យើងមានគ្រប់ឱកាស ដើម្បីធ្វើឲ្យប្រាកដថា យើងអាចការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងបាន។ ហើយនោះក៏ជាសារមួយទៅកាន់សហរដ្ឋអាមេរិកផងដែរ ដែលក្នុងពេលជាមួយគ្នា មានទំនាក់ទំនងជាមួយយើង តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ»។
យ៉ាងណាក្ដី លោកអធិការបតីអាល្លឺម៉ង់ ក៏បានទទួលស្គាល់បញ្ហានៅក្នុងគោលនយោបាយការពារជាតិរួមរបស់សហភាពអឺរ៉ុប ដូចជាការខ្វែងគំនិតគ្នា និងការមិនមានកម្មវិធីការពារជាតិរួម។
ជាមួយគ្នានេះ លោកក៏បានអត្ថាធិប្បាយលើការទាមទារចុងក្រោយបំផុតរបស់លោក Trump ដើម្បីឲ្យអ៊ុយក្រែនផ្តល់ឲ្យសហរដ្ឋអាមេរិកនូវធនធានដ៏កម្រ ជាថ្នូរនឹងការបានជំនួយបន្ថែមទៀត ដោយនិយាយថា «នេះនឹងក្លាយជាបញ្ហាអាត្មានិយម ដែលគិតតែពីខ្លួនឯង»៕


