កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពរបស់ខ្លួន បានសម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលបានធ្វើឲ្យទាហានពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគេ បានបើកការបាញ់ប្រហារ ទៅលើប៉ុស្តិ៍យោធាមួយ នៅតំបន់វេសបែង (West Bank)។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភេរវករម្នាក់ បានបាញ់ទៅលើទាហាន នៅប៉ុស្តិ៍យោធា នៅក្នុងភូមិ Tayasir ។ ទាហានបានបាញ់តជាមួយភេរវករ ហើយបានសម្លាប់ខ្មាន់កាំភ្លើងនេះ»។
សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា មនុស្ស ៦នាក់ ត្រូវបានព្យាបាល នៅកន្លែងកើតហេតុ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា ទាហានពីរនាក់ ក្នុងចំណោមនោះ មានស្ថានភាពធ្ងន់ធ្ងរ។
កងកម្លាំងអ៊ីស្រាអែល បានចូលរួមនៅក្នុងអ្វី ដែលកងទ័ពនិយាយថា ជា «ប្រតិបត្តិការដើម្បីទប់ស្កាត់អំពើភេរវកម្ម» នៅក្នុងតំបន់ភាគខាងជើងនៃតំបន់វេសបែង សំខាន់គឺនៅក្នុងតំបន់នៃទីក្រុងJenin ដែលជាកន្លែងបណ្តុះបណ្តាលក្រុមសកម្មប្រយុទ្ធ។