សៀមរាប ៖ នៅចុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលកែលម្អផ្លូវថ្នល់មួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្លូវក្នុងវង់តូចចាប់ពីមុខព្រះលានជល់ដំរីរហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃនេះថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។
លោកបន្ថែមថា គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងវិញនេះ មិនត្រឹមតែគិតទៅលើគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងផ្តោតខ្លាំងទៅលើសោភណភាពតាមដងផ្លូវផងដែរ។
លោកអគ្គនាយករង បញ្ជាក់ថា ការរៀបចំកែលម្អនេះ ក៏ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរឆាប់ៗ នាដើមឆ្នាំ២០២២ខាងមុខ ស្របតាមការរៀបចំរបស់រាជរដ្ឋាភិបាល ហើយក៏ជាផ្នែកមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយ សុវត្ថិភាព និងផាសុកភាពលើសពីមុន ព្រមទាំងបង្ហាញអំពីភាពរីកចម្រើនដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើក្នុងតំបន់រមណីយដ្ឋានអង្គរ៕





