បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) បានព្រមព្រៀងគ្នាធ្វើការងារបន្ថែមទៀត ដើម្បីពង្រឹងផ្នែកការពារជាតិរបស់ពួកគេ ប្រឆាំងនឹងប្រទេសរុស្ស៊ី និងការគំរាមកំហែងផ្សេងទៀត ដោយការចំណាយឲ្យច្រើនជាងមុន និងបំពេញចន្លោះប្រហោងនៅក្នុងសមត្ថភាពយោធារបស់ខ្លួន។
បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីវិស័យការពារជាតិ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃបណ្ដាមេដឹកនាំ EU បាននិយាយថា៖ «យើងបានធ្វើកិច្ចការជាច្រើនរួចហើយ ប៉ុន្តែយើងត្រូវធ្វើបន្ថែមទៀត»។

តែទោះជាយ៉ាងណានេះក៏ដោយ មេដឹកនាំភាគច្រើន មិនបានឆ្លើយតបនឹងសំណួរថា តើការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ នឹងត្រូវចំណាយយ៉ាងដូចម្តេច។
គួរបញ្ជាក់ថា បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិរួចហើយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ហើយលើកកម្ពស់ទស្សនៈដែលថា ពួកគេមិនអាចពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ដើម្បីឲ្យជួយការពារទ្វីបនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខនោះទេ។
កិច្ចប្រឹងប្រែងរបស់បណ្ដាមេដឹកនាំទាំងនោះ ត្រូវបានជំរុញដោយភាពមិនប្រកដប្រជា ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះសម្ព័ន្ធភាពសន្តិសុខរបស់អង្គការណាតូ និងការទាមទាររបស់លោកឲ្យបណ្តាប្រទេសអឺរ៉ុបចំណាយប្រាក់បន្ថែមទៀត សម្រាប់ការការពារទ្វីបនេះ។
ហើយអ្វីដែលសំខាន់នោះ គឺថា ការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់ EU ត្រូវបានគ្របដណ្ដប់ដោយស្រមោលរបស់លោក Trump ដែលបានប្រកាសកាលពីចុងសប្តាហ៍ថា លោកនឹងដំឡើងពន្ធលើការនាំចូលពី EU ក្នុងពេលឆាប់ៗនេះ ដោយបានបញ្ជាឲ្យមានវិធានការស្រដៀងគ្នា ដូចនឹងទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលត្រូវបានផ្អាកកាលពីថ្ងៃចន្ទ និងពីប្រទេសចិន៕


