សាលារៀនបន្តបិទទ្វារ ហើយជើងហោះហើរបន្ថែមទៀត ត្រូវបានកំណត់ ដើម្បីជួយពលរដ្ឋចាកចេញពីកោះ Santorini របស់ក្រិក ស្របពេលដែលភាពរំញ័ររាប់សិបលើក បានអង្រូនកោះទេសចរណ៍ដ៏ពេញនិយមមួយនេះ សម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ។
ក្រុមហ៊ុនអាកាសចរណ៍ Aegean Airlines បាននិយាយថា ពួកគេនឹងប្រតិបត្តិការជើងហោះហើរ ៣វ៉ុលបន្ថែមទៀត ចេញ-ចូលកោះ Santorini កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកស្រុក និងភ្ញៀវ ដោយផ្អែកលើសំណើពីក្រសួងការពារស៊ីវិលក្រិក ។
មនុស្សរាប់រយនាក់ ត្រូវបានគេមើលឃើញនៅកំពង់ផែកោះ Santorini ឡើងជិះនាវាចម្លង ។
លោក Tzanis Lignos វ័យ ៦៥ឆ្នាំ និយាយថា ការរញ្ជួយដី បានធ្វើឲ្យកោះមួយនេះរងគ្រោះ ហើយលោក និងគ្រួសារលោកត្រូវចាកចេញ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកពិបាករកទិញសំបុត្រនាវាចម្លង ឬយន្តហោះ ចាប់តាំងពីការរញ្ជួយចាប់ផ្តើម បើទោះបីជាមានជើងហោះហើរបន្ថែមទៀតក៏ដោយ ។
ចំណែកឯអ្នកស្រី Zoi Lignou គឺជាពលរដ្ឋរស់នៅលើកោះ Santorini និយាយថា អ្នកស្រីនឹងធ្វើដំណើរទៅកាន់កោះជិតគ្នា Naxos រយៈពេលប៉ុន្មានថ្ងៃសិន ទម្រាំអ្វីៗស្ងប់ស្ងាត់វិលត្រឡប់មករកសភាពដើមវិញ ។
ភាពរំញ័រត្រូវបានរកឃើញនៅចន្លោះកោះភ្នំភ្លើង Santorini និងកោះ Amorgos ស្ថិតក្នុងសមុទ្រអ៊ីជាន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក បង្ខំឲ្យក្រុមអាជ្ញាធរបិទសាលារៀននៅលើកោះ Santorini និងកោះជិតគ្នា Ios, Amorgos និងកោះ Anafi ។
ការរញ្ជួយដីដែលមានកម្រិតពីលើ ៤រ៉ិចទ័រ បានអង្រួនកោះ Santorini រៀងរាល់២-៣នាទីម្តងកាលពីថ្ងៃចន្ទ ខណៈពលរដ្ឋត្រូវបានណែនាំឲ្យនៅក្រៅផ្ទះ និងនៅឆ្ងាយពីកំពង់ផែតូចៗ ។ អង្គភាពឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយជាការប្រុងប្រយ័ត្នទុកជាមុន ៕