នៅក្នុងទីក្រុង Jenin តំបន់កាន់កាប់វ៉េសប៊ែង លោក Khalil Huwail គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា លោកនឹងវិលត្រឡប់ទៅសាងសង់ផ្ទះរបស់លោកឡើងវិញ ។
លោកនិយាយថា ពួកគេបានបំផ្លិចបំផ្លាញសង្កាត់របស់ពួកយើង និងសង្កាត់ផ្សេងទៀត ។ ពួកគេអាចផ្លាស់ប្តូរភូមិសាស្រ្តបាន ប៉ុន្តែពួកគេមិនអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តបាននោះទេ ពួកយើងនឹងវិលត្រឡប់ទៅវិញ ដើម្បីសង់ផ្ទះ ។
លោកថា លោកមានអាយុ ៣៩ឆ្នាំ លោករស់នៅក្នុងផ្ទះមួយខ្នងនេះ លោកមានអនុស្សាវរីយ៍នៅក្នុងផ្ទះមួយខ្នងនេះ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ យោធាអ៊ីស្រាអែល បានកម្ទេចដំណាលគ្នានូវសំណង់អគារក្នុងជំរំជនភៀសខ្លួននៅទីក្រុង Jenin ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន រាយការណ៍ថា យោធាអ៊ីស្រាអែលបានកម្ទេចអគារប្រហែល ២០ខ្នង ឡើងរាបដល់ដី ។
ដោយឡែក យោធាអ៊ីស្រាអែល និយាយថា សំណង់អគារ ២៣ខ្នង ត្រូវបានកម្ទេចចោលនៅភាគខាងជើងតំបន់វ៉េសប៊ែង ក្រោយពួកគេរកឃើញមន្ទីរពិសោធន៍គ្រឿងផ្ទុះ អាវុធ និងប៉ុស្តិ៍សង្កេតការណ៍ ។
កងកម្លាំងអ៊ីស្រាអែលគាំទ្រដោយឧទ្ធម្ភាគចក្រ និងគ្រឿងចក្រ បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេលើទីក្រុង Jenin កាលពីថ្ងៃទី ២១ ខែមករាកន្លងទៅ ៕


