អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric បាននិយាយថា UNពិតជាព្រួយបារម្ភចំពោះផលប៉ះពាល់ដែលវិធានការរឹតត្បិតកើនឡើងអាចមានលើសេដ្ឋកិច្ចសកល ជាពិសេសនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ និងនៅតាមទីកន្លែងដែលមានមនុស្សងាយរងគ្រោះ ។
ពាក់ព័ន្ធនឹងការផ្អាកជំនួយបរទេសសហរដ្ឋអាមេរិក លោក Dujarric និយាយថា ការផ្អាកជំនួយបែបនេះ មាននូវផលប៉ះពាល់បន្ទាន់លើសកម្មភាពសង្រ្គោះអាយុជីវិត ។
លោកថា សេដ្ឋកិច្ចសកល បានស្ថិតរួចទៅហើយក្នុងបរិបទកំណើនទាប ស្របពេលដែលពួកយើងមើលឃើញការរឹតត្បិតពាណិជ្ជកម្មកើនឡើងខ្ពស់ ។
លោក Dujarric បន្តថា វាសំខាន់ក្នុងការកត់ចំណាំថា ភាគច្រើននៃពាណិជ្ជកម្មសកល ត្រូវអនុវត្តតាមច្បាប់ដែលបានព្រមព្រៀងជាអន្តរជាតិដោយអង្គការពាណិជ្ជកម្មពិភពលោក ដែលវានឹងផ្តល់ស្ថិរភាព និងភាពច្បាស់លាស់សម្រាប់សេដ្ឋកិច្ចសកល ៕